ភ្នំពេញៈ ប្រឡាយបង្ហូរទឹកសម្អុយបឹងត្របែក ជាប្រឡាយដ៏ធំមួយខ្សែ ដែលមានសារៈសំខាន់ ក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ ហើយប្រឡាយនេះ ត្រូវបានប្រជាពលរដ្ឋ រស់នៅជុំវិញសងខាងមាត់ប្រឡាយ យកសំរាមមកបោះចូលទៅក្នុងប្រឡាយ បង្កឲ្យកកស្ទះណែនណាន់តាន់តាប់ ដែលធ្វើឲ្យមានបញ្ហាដល់ចរន្តទឹកហូរ ពិសេសប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានអនាម័យ និងសោភ័ណភាពទីក្រុងភ្នំពេញផងដែរ ។
មន្ត្រីមូលដ្ឋាននិយាយថា បងប្អូនពលរដ្ឋយើងតែងនាំគ្នាយកសំរាមទៅចោលក្នុងប្រឡាយលូបង្ហូរទឹកនោះ ជាបន្តបន្ទាប់រហូត បើទោះបីជាអាជ្ញាធរព្យយាមពន្យល់ណែនាំ យ៉ាងណាក្តី ។
ជុំវិញបញ្ហានេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃ១៤ មីនានេះថា ដោយមើលឃើញពីបញ្ហាប្រឈមនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យមន្ត្រីជំនាញដាក់គ្រឿងចក្រចុះកាយផងដែរ ដែលមកដល់ពេលនេះ សកម្មភាពនៃការកាយស្តារប្រឡាយខាងលើ បានចំនួន២សប្តាហ៍ហើយ ស្មើនឹង៤០ភាគរយ ដោយរុញសំរាមទាំងអស់ទឹកក្រោម ទើបធ្វើសកម្មភាពកាយនិងកើបយកចេញ ហើយកិច្ចការងារនេះ គ្រោងនឹងបញ្ចប់នេះនៅពីរសប្តាហ៍ទៀត ។
លោក ដួង ចាន់សារ៉ាត់ ប្រធានលូទឹកនិងបូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងផងដែរថា តាមការណែនាំពីប្រធានមន្ទីរ ក្រុមការងាររបស់លោកបានដាក់គ្រឿងចក្រ ចុះកាយប្រឡាយនេះភ្លាមៗ ។ លោកបន្តថា ការកាយសំរាមនៅប្រឡាយបឹងត្របែកលើផ្លូវ១០៥នេះ ពិតជាមានភាពយឺតយ៉ាវបន្តិច ដោយសារតែផ្លូវមានការកកស្ទះចរាចរ និងមានរោងការនៅសងខាប្រឡាយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងបញ្ចប់ការងារនេះឲ្យបានរួចរាល់នៅពីរសប្តាហ៍ទៀត៕
អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក