ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើល និងស្រែកទ្រហ៊ោយំពីសំណាក់ក្រុមគ្រួសារបន្ទាប់ពីក្មេងប្រុសម្នាក់ បានរអិលជើងធ្លាក់ទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់ខាងជើងផ្ទះ ចម្ងាយ១៥ម៉ែត្រ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀងដោយមូលហេតុដើរទៅស្ទូចត្រីរអឹលជើងលង់ស្លាប់ ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា ក្មេងប្រុស ដែលលង់ស្លាប់មានឈ្មោះ សុខ ទី អាយុ៣ឆ្នាំ រស់នៅភូមិត្រពាំងស្បូវ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ កុមាររងគ្រោះ បានកាន់ដងសន្ទូចស្ទូចត្រី ធ្វើអំពីជ័រដើរទៅស្ទូចលេង ហើយឪពុកម្តាយមិនបានចាប់អារម្មណ៍ ដោយសាររវល់ការងារនៅក្នុងផ្ទះ។
រហូតដល់ម៉ោងប្រមាណ៤រសៀល ទើបមានការភ្ញាក់ដល់ក្រុមគ្រួសារដឹងបាត់កូន ក៏នាំគ្នាដើររក ជាមួយអ្នកភូមិ ប៉ុន្តែចៃដន្យ ស្រាប់តែប្រទះឃើញដងស្ទួចក្បែរស្រះទឹកខាងជើងផ្ទះ ទើបមានការសង្ស័យ ក៏នាំគ្នាចុះរាវរកក្នុងស្រះ ទើបប្រទះឃើញសពក្មេងប្រុសស្លាប់នៅក្នុងបាត់មិនដឹងពេលណានោះទេ ។
ក្រោយមក សមត្ថកិច្ចបានចុះដល់ផ្ទះកើតហេតុខាងដើម្បីពិនិត្យសាកសព ប៉ុន្តែដោយពិនិត្យពុំឃើញមានស្លាកស្នាមអ្វី ទើបប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន