ខេត្តរតនគិរី៖ ប្រជាពលរដ្ឋចោទប្រកាន់ក្រុមមន្ត្រីស្រុកអូរយ៉ាដាវ ឃុំសេសាន និងស្រុកអណ្តូងមាស ឃុំញ៉ាង ថាបានជួលឲ្យជនជាតិដើមភាគតិចកាប់ព្រៃឈើសហគមន៍ និងជួលកម្មករដុតព្រៃក្បែរផ្លូវក្រវ៉ាត់ព្រំដែន។
ក្រុមអ្នកភូមិបានលើកឡើងថា សមត្ថកិច្ចទាំង២ស្រុកនោះកំពុងសម្រុកជួលឲ្យជនជាតិភាគតិចកាប់រំលំឈើព្រៃសហគមន៍ និងតាមជួរមាត់ទន្លេសេសាន ខ្សែក្រវ៉ាត់ព្រុំដែនរាប់ពាន់ហិកតា ដើម្បីយកធ្វើជាកម្មសិទ្ធិ ។
ប្រភពថា គេកាប់ព្រៃរួច កំពុងដុតយ៉ាងសន្ធោសនៅ្ឋ ចាប់ពីចំណុចបង្គោលព្រំដែនលេខ២៥/៤(១) ដល់បង្គោលព្រំដែនលេខ១៩កម្ពុជា-វៀតណាម ភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ។
ទាក់ទឹននឹងករណីខាងលើនេះ លោក ឡេង យុក ប្រធានផ្នែករដ្ឋព្រៃឈើ ស្រុកអូរយ៉ាដាវ -ស្រុកអណ្តូងមាស និងស្រុកបរកែវបានប្រាប់ក្រុមអ្នកកាសែតថា រឿងនេះលោកមិនបានដឹងទេ។
លោក ម៉ា វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកអូរយ៉ាដាវ និងលោក ឃេន សានិត អភិបាលស្រុកអណ្តូងមាស បានបញ្ជាក់ ថា លោកនឹងបញ្ជាកម្លាំងចុះត្រួតពិនិត្យ និងទប់ស្កាត់រាល់បទល្មើសនៅចំណុចខាងលើនោះ តែលទ្ធផលរហូតដល់ពេលនេះ មិនទាន់មាននៅឡើយ ៕ ជីវន្ត