ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងកាលពីថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ថា មនុស្សមួយក្រុម ដែលប្រើហិង្សានៅក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ក្បែរមន្ទីរពេទ្យព្រះកុសុមៈនោះ ត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោកកំណត់អត្តសញ្ញាណអស់ហើយ និងកំពុងតាម ចាប់ខ្លួន បើទោះបីពួកគេទាំងនេះបានរត់គេចខ្លួនចាកចេញពីផ្ទះក៏ដោយនោះ ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បាន ប្រកាសថា កម្លាំងសមត្ថកិច្ចរបស់លោកនឹងខិតខំប្រឹងប្រែងតាមចាប់ជនដៃដល់ទាំងនេះឲ្យខាងតែបានដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។
នាយឧត្តមសេនីយ៍បានបញ្ជាក់យ៉ាង ដូច្នេះថា «ឥឡូវនេះយើងបានកំណត់មុខ សញ្ញាបានសាវតារជាតិគ្រប់គ្រាន់ចំនួន៤នាក់ហើយដែលជាជនដៃដល់ខ្លាំងបំផុត ប៉ុន្ដែពួកគេបានរត់ចោលស្រុកអស់ហើយ (គេចចេញពីផ្ទះ) តែបណ្ដាញសង្គមរបស់ យើងបានផ្សព្វផ្សាយទាំងរូបភាព និងវីដេអូ ពេញទឹកពេញដី ជាពិសេសតាំងពីថ្ងៃខ្ញុំ ដាក់បទបញ្ជាឲ្យតាមចាប់គឺពួកគេបានដឹង ខ្លួន ហើយរត់គេចតាំងពីថ្ងៃនោះមក។ ជា មួយគ្នានេះខ្ញុំបាននិងកំពុងសុំដីកាពីតុលាការដើម្បីចាប់ខ្លួនឲ្យទាល់តែបាន» ។
សូមបញ្ជាក់ថា ក្នុងចំណោមមនុស្ស ដែលព្រួតវាយលោកបណ្ឌិតសាស្ត្រាចារ្យ ស៊ុយ សារ៉េត នោះក៏មានម្នាក់ជាកម្លាំង ប្រជាការពារសាលាខណ្ឌដូនពេញផងដែរឈ្មោះ ភាជ គឹមហាក់ ដែលជាជននាំមុខ និងវាយខ្លាំងជាងគេ។ ប៉ុន្តែសាលាខណ្ឌ ដូនពេញបានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសគាំទ្រចំពោះចំណាត់ការ របស់កម្លាំងសមត្ថកិច្ចតាមចាប់អតីតកម្លាំងប្រជាការពារម្នាក់នេះ ។
នៅក្នុងសេចក្តីជូនដំណឹងសាលាខណ្ឌ ដូនពេញបានបញ្ជាក់ថា «ករណីបុគ្គល ភាជ គឹមហាក់ អតីតកម្លាំងប្រជាការពារ សាលាខណ្ឌបានប្រើអំពើហិង្សាក្នុងព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ទៅលើលោក ស៊ុយ សារ៉េត នោះសាលាខណ្ឌចាត់ទុកថា នេះ ជាករណីបុគ្គល និងជាការទទួលខុសត្រូវដោយផ្ទាល់ខ្លួនតែម្តងសាលាខណ្ឌមិន គាំទ្រឲ្យមានអំពើហិង្សាបែបនេះឡើយ ហើយសូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់» ។
លោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត ដែល ជាគ្រូបង្រៀននៅសាកលវិទ្យាល័យកម្ពុជាត្រូវបានមនុស្សមួយក្រុមខ្លះប្រដាប់ដោយ ដុំថ្មធំៗឈើព្រួតវាយរងរបួសធ្ងន់ហូរឈាមជោកអាវ និងបំផ្លាញរថយន្ដខូចខាតយ៉ាងខ្លាំង ព្រោះតែខឹងលោកបើករថយន្ដបុករះនៅតាមផ្លូវនោះរហូតមកដល់ថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០១៨ បាននិងកំពុងសម្រាក ព្យាបាលបន្តនៅមន្ទីរពេទ្យក្នុងប្រទេស វៀតណាមដោយរួចផុតពីគ្រោះថ្នាក់ដល់ អាយុជីវិតហើយ ។
ជាមួយគ្នានេះបើតាមការសាកសួរជា ជំហានដំបូងលោក ស៊ុយ សារ៉េត បានបាត់ បង់ថវិកាជិត៣.០០០ដុល្លារ និងទូរស័ព្ទ ចំនួន២គ្រឿងផងដែរ ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បាន បញ្ជាក់ថា ករណីគ្រោះថ្នាក់នេះអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ដែលរត់គេចពី កន្លែងកើតហេតុគឺច្បាប់ជាអ្នកអនុវត្ត ប៉ុន្តែ ចំពោះអ្នកដែលវាយអ្នកបើកបរក៏ត្រូវតែ ទទួលទោសផងដែរ ព្រោះវាជាអំពើអសីល ធម៌ក្នុងសង្គម និងមិនគួរឲ្យកើតមានឡើងក្នុងរូបភាពបែបនេះទៀតឡើយ ។
លោកស្នងការបញ្ជាក់ថា «ក្នុងករណី នេះយើងពិនិត្យឃើញថា ជាបទល្មើសជាក់ ស្តែង ជាបទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិអ្នកដទៃក៏មានស្ថានទម្ងន់ ទោសដែរ ព្រោះបានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃជាក្រុម។ ក្នុងករណីនេះដែរជនល្មើសដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ទោះជាបានរត់គេចពីកន្លែងកើតហេតុក៏ ដោយសារមានការភ័យខ្លាចអំពីក្រុមជន បង្កដែរ។ ប្រសិនបើគាត់បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ក៏ច្បាប់ចរាចរណ៍ផ្លូវគោក មាន អ៊ីចឹងស្ថានទម្ងន់ទោសរបស់អ្នកបើកបរបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ហើយគេចវេះពីការទទួលខុសត្រូវច្បាប់មានសម្រាប់ដាក់ទោសទណ្ឌ។ ជាទម្លាប់អសីលធម៌ ក្នុងសង្គមប្រជាពលរដ្ឋតែងតែតាំងខ្លួនជាតុលាការ ហើយកាត់ទោសលើជនបង្ក ដោយឯកចិត្តគឺមិនទៅតាមច្បាប់»។
លោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត មាន កូន២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ហើយ បន្ទាប់ពីពិនិត្យឃើញស្ថានភាពជំងឺធ្ងន់ធ្ងរ លោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បាន អំពាវនាវឲ្យសាធារណជន ប្រជាពលរដ្ឋ ចូលរួមអនុវត្តច្បាប់ និងប្រព្រឹត្តអំពើល្អសូម បញ្ឈប់ជាបន្ទាន់នូវសកម្មភាពការប្រើអំពើហិង្សាទៅលើអ្នកបើកបរ និងយានយន្ដក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយចូលរួមចាប់ឃាត់ និងប្រគល់ជូនសមត្ថកិច្ចដើម្បី អនុវត្តទៅតាមច្បាប់ ។
បើតាមសេចក្ដីអំពាវនាវកាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៨ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានអំពាវនាវឲ្យ ពលរដ្ឋចូលរួមគោរពប្រតិបត្តិអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពីការប្រើប្រាស់ផ្លូវថ្នល់ និងក្រម ព្រហ្មទណ្ឌនៃប្រទេសកម្ពុជាដើម្បីចូលរួមទទួលខុសត្រូវចំពោះអំពើខុសច្បាប់ដែលខ្លួនបានប្រព្រឹត្តក្នុងពេលធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ ។
កូនស្រីរបស់លោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត ឈ្មោះ សារ៉េត សុផាធីតាពេជ្រ អាយុ១៨ឆ្នាំ បានសម្រេចដាក់ពាក្យប្ដឹងក្រុម ជនបង្កដែលបានប្រព្រឹត្តអំពើវាយដំប៉ុន ប៉ងធ្វើមនុស្សឃាតលើឪពុករបស់ខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្វែងរកយុត្តិធម៌ ។
ក្នុងពាក្យបណ្ដឹងនោះមេធាវីតំណាងលោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត បានទាម ទារឲ្យសមត្ថកិច្ចស្វែងរកមុខជនក្រុមបង្ក ដើម្បីទទួលខុសត្រូវចំពោះអំពើដែលពួកគេបានប្រព្រឹត្តមកលើលោកសាស្ត្រាចារ្យ ស៊ុន សារ៉េត និងទាមទារសំណងជំងឺចិត្ត ចំនួន១.២០០លានរៀល ឬប្រហែល៣០ ម៉ឺនដុល្លារអាមេរិក ៕ ហេង សូរិយា