ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោនឹងសួរនាំមេដឹកនាំវៀតណាមករណីចរចាជាមួយ សម រង្សុី

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បាន ប្រកាសថា ក្នុងកិច្ចប្រជុំអាស៊ាន-អូស្ដ្រាលី នៅថ្ងៃទី១៧ ខែមីនាខាងមុខសម្ដេចនឹង សួរមេដឹកនាំវៀតណាមរឿងលួចជួបចរចាគ្នារវាងទណ្ឌិត សម រង្ស៊ី នឹងអតីតមេដឹកនាំវៀតណាមនាអំឡុងឆ្នាំ២០០៣ ។

សម្ដេចតេជោបានបន្តថា ក្នុងជំនួប នីមួយៗច្បាស់ណាស់គេប្រាកដជាមាន កំណត់ហេតុ ហើយសម្ដេចនឹងតាមរក កំណត់ហេតុនោះដើម្បីដឹងរឿងកាន់តែ ច្បាស់ថា តើក្នុងការលួចជួបគ្នានោះទណ្ឌិត សម រង្ស៊ី និយាយអំពីបញ្ហាអ្វីខ្លះបានជាមិនហ៊ានជួបដោយបើកចំហយ៉ាងដូច្នេះ? អតីត ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាត់ទឹកដីឲ្យយួន ។

សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា បើអ្នកឯងជាខ្មែរដូចគ្នាចាំបាច់ចុះ ហត្ថលេខាធ្វើអ្វី? គឺ ហត្ថលេខាកាត់ទឹកដី៤ ខេត្តឲ្យយួន។ រឿងទណ្ឌិត សម រង្ស៊ី សន្យា កាត់ដីចំនួន៤ខេត្តឲ្យមេដឹកនាំជនជាតិ ភាគតិចវៀតណាម កុក ស មិនមែនជារឿង តូចតាចនោះឡើយ។ ក្រសួងមហាផ្ទៃត្រូវ ចាត់ការស្រាវជ្រាវនិងស៊ើបអង្កេតរឿងនេះជាបន្ទាន់ ។

សម្ដេចតេជោបានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំនឹងសួរមេដឹកនាំវៀតណាមលើរឿងនេះ តើកាលហ្នឹងនិយាយគ្នាពីអ្វីខ្ញុំនឹងសួរ។ ខ្ញុំគ្រាន់តែចង់ដឹងថា ពេលហ្នឹង គេនិយាយពីអី ខ្ញុំនឹងសួរបើមិត្តវៀតណាម ស្មោះត្រង់ជាមួយខ្ញុំជាមួយកម្ពុជាពិតប្រាកដ តើមានដែលលោកហ្នឹងគាត់ទៅទស្សន កិច្ចនៅហាណូយ និងលោកនឹងទៅទស្សន កិច្ចនៅភ្នំជើងបាដែងនិយាយពីអីខ្លះបើ សិនបើវៀតណាមស្មោះត្រង់ជាមួយខ្ញុំ ខ្ញុំ នឹងសួរវៀតណាម។ ខ្ញុំនឹងតាមសួររឿង ហ្នឹងមានកំណត់ហេតុ ឬអត់ខ្ញុំសុំកំណត់ ហេតុ» ។

សម្ដេចតេជោបានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី ប្រៀបបានដូចជាចោរអ៊ីចឹងដោយសារតែធ្វើអ្វីម្ដងដែលមិនហ៊ានបើកចំហនោះទេតែងតែលួចលាក់ជានិច្ចគឺខុសពី សម្ដេចស្រឡះតែម្ដងដែលធ្វើអ្វីតែងត ែបើកចំហជានិច្ច ។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែ មីនា ឆ្នាំ២០១៨ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកបានទម្លាយថា លោក សម រង្ស៊ី បានលួចទៅជួបចរចាជាមួយឧបនាយក រដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម ព្រមទាំងជួបជាមួយមន្រ្តីការទូតជាន់ខ្ពស់ វៀតណាមកាលពីឆ្នាំ២០០៣- ២០០៤ នៅទីក្រុងហាណូយ។ ខណៈនោះលោក សម រង្ស៊ី ជាប្រធានគណបក្សប្រឆាំងនៅ កម្ពុជា ហើយប្រកាសប្រឆាំងដាច់ខាត ចំពោះវៀតណាមប៉ុន្តែបែរជាទៅលួចចរចាសម្ងាត់ ហើយសម្រួល និងយល់ព្រមតាមសំណើវៀតណាមនូវកិច្ចការមួយចំនួននៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដែលកំពុងមានវិវាទជាមួយគ្នា ខណៈដែល សម្តេចតេជោជំទាស់នឹងវៀតណាមលើ ករណីរឿងព្រំដែនប្រទេសទាំង២ ។

ក្នុងជំនួបរវាង សម រង្ស៊ី នឹងអតីតរដ្ឋ មន្រ្តីការបរទេសវៀតណាមកាលពីជាង១០ឆ្នាំមុន ក៏បាននិយាយអំពីការជួយសម្រួលផ្តល់សិទ្ធិដល់ពលរដ្ឋវៀតណាមដែលកំពុងរស់នៅលើទឹកដីកម្ពុជា នៅពេលគណបក្សប្រឆាំងកាន់កាប់អំណាចដឹកនាំប្រទេស។ នៅក្នុងជំនួបនោះអ្នកទាំង២ក៏បានលើក ឡើងអំពីជនជាតិវៀតណាមមួយចំនួន ដែលកំពុងរស់នៅទឹកដីខ្មែរផងដែរក្រៅពី និយាយអំពីព្រំដែន។ សម រង្ស៊ី ធ្លាប់ជួបជាមួយថ្នាក់ដឹកនាំវៀតណាមចំនួន២ដងរួច ហើយ ទី១-នៅទីក្រុងហាណូយ និងទី២-នៅខេត្តតៃនិញរបស់វៀតណាម ។

ទណ្ឌិត សម រង្ស៊ី ក៏បានសន្យាជាមួយ រដ្ឋមន្រ្តីការបរទេសវៀតណាមក៏ដូចជាមន្រ្តីជាន់ខ្ពស់ការទូតរបស់វៀតណាមថានឹងជួយ សម្រួលផ្តល់សិទ្ធិដល់ពលរដ្ឋវៀតណាមដែលកំពុងរស់នៅលើទឹកដីខ្មែរ ប៉ុន្តែពល រដ្ឋវៀតណាមទាំងនោះត្រូវតែជួយដល់ គណបក្សប្រឆាំងដើម្បីឈ្នះគណបក្សប្រជាជនកម្ពុជាកាន់អំណាចដឹកនាំប្រទេសជា មុនសិន ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាមួយក្រសួងមហាផ្ទៃត្រូវចាត់ការលើទង្វើក្បត់ជាតិរបស់ ទណ្ឌិត សម រង្ស៊ី ដោយគ្មានការលើកលែង ត្រូវពិនិត្យឲ្យបានច្បាស់លាស់។ សម្តេច នឹងមិនធ្វើអ្វីក្នុងរឿងខាងលើនេះទេគឺទុកឲ្យសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធទុកឲ្យតុលាការជាសមត្ថកិច្ច ។

សម្តេចតេជោបានថ្លែងពាក់ព័ន្ធនឹង ករណីខាងលើក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពាន ឆ្លងទន្លេទៅកោះប៉ែន ស្ថិតក្នុងភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ ចាមកាលពីព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ។

ស្ពានកោះប៉ែនសាងសង់ដោយកូនខ្មែរសុទ្ធសាធ និងប្រើថវិកាផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជាតម្លៃប្រមាណ១៣លាន ដុល្លារអាមេរិក។ ស្ពានកោះប៉ែននេះបាន ចាប់ផ្តើមសាងសង់កាលពីខែឧសភា ឆ្នាំ ២០១១ មានបណ្តោយប្រវែង៧៧៩ម៉ែត្រ ទទឹង៩,២ម៉ែត្រ និងកម្ពស់ពី២៣ទៅ២៤ ម៉ែត្រ ។

ស្ពានកោះប៉ែនឆ្លងកាត់ទន្លេមេគង្គពី ភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាមទៅកាន់កោះកំពង់ត្រុំ ក្នុងភូមិ សាស្ត្រឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្ត កំពង់ចាម ។

ស្ពានកោះប៉ែនជាចំណងដៃដ៏ពិសិដ្ឋ សម្រាប់បងប្អូនប្រជាពលរដ្ឋប្រមាណជា ២ម៉ឺនគ្រួសារនៅលើប្រជុំកោះដូចជាកោះប៉ែន, កោះមិត្ត និងកោះត្រុំជាដើមសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនដែលពីមុនមកពួកគាត់ត្រូវធ្វើដំណើរដោយឆ្លងទូកដ និងឆ្លងស្រឡាង ៕ ហេង សូរិយា


ចែករំលែក៖