ខេត្តតាកែវ ៖ គ្រាន់តែរយៈពេល២ថ្ងៃនៃការត្រួតពិនិត្យគុណភាពប្រហុក មន្ត្រី កាំកុងត្រូលសាខាខេត្តតាកែវ បានរឹបអូស យកសាច់ត្រីប្រហុកខូចគុណភាព និងលាយ សារធាតុគីមីហាមឃាត់ ជិត២តោន ដែល នាំចូលមកពីប្រទេសរៀតណាម ដោយ ដាក់ក្នុងបាវ និងក្នុងពាង ស្ថិតនៅក្នុង ស្រុកទ្រាំង ខេត្តតាកែវ ។ប៉ុន្តែរហូតមកដល់ ថ្ងៃនេះ អាជ្ញាធរមិនមានវិធានការផ្លូវច្បាប់ជាក់លាក់ណាមួយទៅលើម្ចាស់សិប្បកម្មឡើយ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវថ្លែងថា មន្រ្តីជំនាញនៃសាខាកាំកុងត្រូលខេត្ត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ បានត្រួតពិនិត្យមើលទីតាំងសិប្បកម្មផលិត និងកែច្នៃប្រហុករបស់ ឈ្មោះ យិន យ៉ុង ស្ថិតនៅភូមិរលួស ឃុំ អង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ដោយរក ឃើញសារធាតុគីមី ហ្វរម៉ុល ដាក់ក្នុងសាច់ត្រីចំនួន១២បាវស្មើនឹង៨៤០គីឡូក្រាម។ លុះដល់ព្រឹកថ្ងៃទី១២ ខែមីនា បានរក ឃើញសាច់ត្រីប្រហុក និងប្រហុក១.១២០ គីឡូក្រាមទៀត នៅទីតាំងផ្សេង ។ ប៉ុន្តែជា របស់ម្ចាស់ឈ្មោះ យិន យ៉ង ដដែល ហើយ មានលាយសារធាតុគីមីហ្វរម៉ុលដូចគ្នា។
លោកប្រធានសាខាកាំកុងត្រូលបាន បញ្ជាក់ថា ត្រីធ្វើប្រហុកទាំងនេះ គឺមួយចំនួនធំលួចនាំចូលពីប្រទេសវៀតណាម និង សាច់ត្រីមួយចំនួនទៀត ជាត្រីរបស់ខ្មែរ ដែលសាច់ត្រីប្រហុកខូចគុណសរុបមានទម្ងន់ ១.៩៦០គីឡូក្រាម រក្សាទុកនៅក្នុងសិប្បកម្មខុសច្បាប់២កន្លែងរបស់ឈ្មោះ យិន យ៉ុង ស្ថិតនៅភូមិរលួស ឃុំអង្គាញ់ ស្រុកទ្រាំង ខេត្តតាកែវ ហើយសាច់ត្រីទាំងនេះ បានមក ពីឈ្មួញវៀតណាមម្នាក់ឈ្មោះ វ៉ាង ដែលបានដឹកមកលក់ឲ្យម្ចាស់សិប្បកម្មនេះ។
ត្រីប្រហុកទាំងនេះសុទ្ធតែមានលាយសារធាតុគីមីម្យ៉ាងឈ្មោះ ហ្វរមូ៉លីន (Formolin ឬ Formol) ឬខ្មែរតែងតែនិយមហៅ ថា ថ្នាំហ្វរម៉ុល ដែលជាសារធាតុគីមីប្រើ សម្រាប់អប់សាកសពមនុស្សមិនឲ្យស្អុយ រលួយ។
ក្រុមអ្នកវេជ្ជសាស្ត្រ បានបកស្រាយថា សារធាតុគីមីប្រភេទ ហ្វរមូលីន ឬហ្វរម៉ុល នេះ គេប្រើវាដើម្បីរក្សាទុកកុំឲ្យសាច់ឆាប់ស្អុយរលួយ ជាពិសេសគេប្រើលើសាក សពមនុស្ស ហើយប្រសិនបើប្រើវានៅក្នុង សាច់សម្រាប់បរិភាគសារធាតុគីមីប្រភេទ នេះមិនធ្វើឲ្យអ្នកទទួលទានមានប្រតិកម្មភ្លាមៗទេ ប៉ុន្តែវាមិនសាបរលាបឡើយ គឺ ស្ថិតក្នុងរាងកាយរហូត ដែលយូរៗទៅ បើនៅតែទទួលទានសាច់ ឬអាហារមាន លាយសារធាតុគីមីនេះ អ្នកទទួលទាននឹង កើតជំងឺមហារីកជាក់ជាមិនខាន។
ការរកឃើញនេះ គឺបន្ទាប់ពីបែកធ្លាយសារព័ត៌មាននាពេលថ្មីៗនេះថា ទីតាំង សិប្បកម្មខុសច្បាប់នេះលក់ត្រីប្រហុកមានលាយគីមី ដែលសិប្បកម្ម២កន្លែងនៅក្នុងភូមិនេះ កាលឆ្នាំ២០១៦ ត្រូវបានបិទម្ដង ហើយ បន្ទាប់ពីរកឃើញសារធាតុគីមីហ្វរ មូលីននេះ ។ ប៉ុន្តែឥឡូវនេះនៅតែលក់ត្រី ប្រហុកលាយគីមីដដែលដោយមិនរាងចាលអ្វីទាំងអស់។
ឥឡូវសិប្បកម្មផលិត និងកែច្នៃប្រហុកលាយគីមីហាមឃាត់នេះ បានកើនឡើង ដល់យ៉ាងហោចណាស់៣កន្លែង ប៉ុន្តែពេលមន្ត្រីកាំកុងត្រូលទៅដល់រកឃើញតែសិប្បកម្មរបស់ យិន យ៉ុង ប៉ុណ្ណោះ ចំណែកសិប្បកម្ម២ទៀតមិនត្រូវរកឃើញប្រហុកលាយសារធាតុគីមីឡើយ ដោយសង្ស័យថា អាចដឹកចេញផុតមុននឹងក្រុមការងាររបស់លោក ប៉ោ លាងគង់ បានទៅដល់។
លោក ប៉ោ លាងគង់ បានឲ្យដឹងទៀតថា ការឆ្មក់ចាប់ទីតាំងផលិត និងកែច្នៃប្រហុក ធ្វើពីត្រីលាយសារធាតុគីមីហាមឃាត់នេះ ដោយសារតែមានការចូលរួមសហការល្អពីប្រជាពលរដ្ឋប្រាប់ថា សិប្បកម្មដដែលនេះ បានលួចផលិត និងកែច្នៃប្រហុកត្រីសាច់មានផ្ទុកសារធាតុគីមីហ្វរមូ៉លលីន ។ជាថ្មីម្តង ទៀត បន្ទាប់ពីសមត្ថកិច្ចបង្ក្រាប និងដកហូតត្រីប្រហុកទាំងនេះបានជាច្រើនតោន កាល ពីឆ្នាំ២០១៦ ដែលពេលនោះនៅក្នុងភូមិ រលួសនេះ មានសិប្បកម្មផលិត និងកែច្នៃ ប្រហុកយ៉ាងហោច៦កន្លែង ។
ប៉ុន្តែដោយសារការអនុវត្តច្បាប់អន់ពេកក្នុងចំណោមមន្ត្រីមូលដ្ឋានក្រុមឈ្មួញ ក៏បាននាំយកប្រហុកត្រីផ្ទក់ ដែលមានផ្ទុកសារធាតុគីមីហាមឃាត់នេះមកកែច្នៃ លាយជាមួយប្រហុកកូនត្រី ដើម្បីបន្លំភ្នែកនៅពេលលក់នៅលើទីផ្សារសាជាថ្មី ដោយមិនខ្វល់ពីការប៉ះពាល់សុខភាពអ្នកទទួលទានឡើយ។
ត្រីប្រហុកមានផ្ទុកសារធាតុគីមីចំនួន ១.១២០គីឡូក្រាមនេះ គឺម្ចាស់សិប្បកម្ម បម្រុងនាំចេញយកទៅលក់នៅតាមទីផ្សារ ដោយប្រើប្រាស់មធ្យោបាយច្រកជាប៊ីដុង ដាក់លក់តាមម៉ូតូជាច្រើនគ្រឿង និងខ្លះ ទៀតដឹកតាមឡានសាំយ៉ុងជាដើម ដើម្បីចែកចាយទៅតាមទីផ្សារមួយចំនួន ដូចជា នៅក្នុងស្រុកកោះធំ ស្រុកកណ្ដាលស្ទឹង និងទីផ្សារនៅក្នុងរាជធានីភ្នំពេញ។
លោក ប៉ោ លាងគង់ មិនបានបញ្ជាក់អំពីវិធានការផ្នែកច្បាប់ទៅលើម្ចាស់សិប្បកម្មផលិត និងកែច្នៃប្រហុកដោយលាយសារធាតុគីមីហាមឃាត់ឈ្មោះ ហ្វរមូលីន ដើម្បីបំផ្លាញសុខភាពអ្នកបរិភោគនេះទេ ដោយជំហានដំបូងមន្ត្រីរបស់លោកគ្រាន់តែរឹប អូសយកទៅបំផ្លាញចោលតែប៉ុណ្ណោះ។
កន្លងមកទីតាំងផលិតស្ករត្នោត ក្លែង ក្លាយជាង២០កន្លែងនៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលកំពុងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលដ្ឋ និងកេរ្តិ៍ឈ្មោះស្ករ ត្នោតខ្មែរ នៅតែដំណើរផលិតដោយខុស ច្បាប់បានយ៉ាងរលូនរហូតដល់សព្វថ្ងៃនេះ ទោះបីជាលោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានបញ្ជាឲ្យបិទនៅទូទាំង ប្រទេសក៏ដោយ។
ទីតាំងផលិតស្ករត្នោតក្លែងក្លាយមានប្រមាណជាង២០កន្លែង ក្នុងភូមិស្តុកព្រៃ និងភូមិខ្សាច់លប់ ឃុំត្រពាំងសាប និងភូមិ ពានខាងជើង ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ នៅបន្តលូចលាក់ផលិតស្ករត្នោតក្លែងក្លាយ ដើម្បីយកទៅលក់ចែកចាយតាមទីផ្សារ រាប់តោនក្នុងមួយថ្ងៃៗមិនឃើញមន្ត្រីជំនាញខាងមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត តាកែវ ឬអាជ្ញាធរពាក់ព័ន្ធនាំគ្នាបង្ក្រាបឡើយ។
ស្ករត្នោតក្លែងក្លាយផលិតចេញពីវត្ថុធាតុដើមផ្សេងៗ កំពុងតែបំផ្លាញសុខភាពពល រដ្ឋទូទៅ ក៏ដូចជាបំផ្លាញកេរ្ដិ៍ឈ្មោះស្ករត្នោតខ្មែរ ដែលកំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើទីផ្សារជាតិ និងអន្តជាតិតែម្តង ហើយ សកម្មភាពល្មើសច្បាប់ខាងលើនេះ ផ្តើមឡើងដោយសារអសមត្ថរបស់មន្ត្រីជំនាញ ឬសង្ស័យទទួលបានផលប្រយោជន៍ពីអ្នកផលិតស្ករត្នោតក្លែងក្លាយទាំងនោះ។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម លេខ៣០០៨ MIH/២០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ កន្លងមកនេះ លោក ចម ប្រសិទ្ធ ទេសរដ្ឋ មន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្ប កម្ម បានប្រាប់ប្រធានមន្ទីរឧស្សាហកម្ម និង សិប្បកម្ម រាជធានី-ខេត្ត ត្រូវលុបបំបាត់សិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ នៅតាមបណ្ដា រាជធានី-ខេត្ត ទូទាំងប្រទេសក្នុងព្រះរាជាណាកម្ពុជា ព្រោះការផលិតនេះនាំបង្កផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិនាមស្ករ ត្នោតខ្មែរ ដែលកំពុងតែមានកិត្តិនាមល្បី ល្បាញលើទីផ្សារអន្តរជាតិ។
ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ បាននាំគ្នានិយាយរិះគន់មន្ត្រីដឹកនាំនៅក្នុងខេត្តនេះថា បណ្ដែតបណ្ដោយឲ្យកើតបញ្ហាជា ច្រើន ដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះខេត្តនេះ ដូចជាករណីដាំដំណាំកញ្ឆាខុសច្បាប់បទ ល្មើសនេសាទ ស្ករត្នោតក្លែងក្លាយ គ្រឿង ញៀនក្មេងពាល ទំនិញចេញចូលមិន ប្រក្រតី ល្បែងស៊ីសងគ្រប់ប្រភេទបទ ល្មើសតាមច្រកព្រំដែន ជួលដីនៅតាមព្រំ ដែនឲ្យវៀតណាមបញ្ហាឡានខុសបច្ចេកទេស និងបញ្ហាសេវាសាធារណៈផ្សេងៗ ជា ដើម ។ ដូច្នេះពួកគាត់បានទទូចឲ្យមានការ ផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំខេត្ត ដើម្បីស្តារកេរ្តិ៍ឈ្មោះខេត្តតាកែវឡើងវិញ៕ ហេង សូរិយា