ខេត្តស្ទឹងត្រែងៈ រថយន្តសាំយ៉ុងដឹកឈើ១គ្រឿង ត្រូវកម្លាំងកងរាជអាវុធហត្ថដេញប្រមាញ់ស្ទាក់បង្ក្រាប ខណៈរថយន្តខាងលើដឹកឈើចេញពីភូមិកំផាន់ សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង ហើយព្យាយាមបើករត់គេចខ្លួន រហូតមកដល់ចំណុចចម្ការមៃសាក់ ទើបស្ទាក់ចាប់បានតែម្តង ។
ហេតុការណ៍ធ្វើឡើងវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចជិតចម្ការមៃសាក់ ស្ថិតក្នុងភូមិរាជានុកូល ក្រុង-ខេត្តស្ទឹងត្រែង។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថា រថយន្តដឹកឈើដែលកម្លាំងចាប់បានខាងលើនេះ ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ។ រីឯឈើដែលនៅលើរថយន្តនោះ គឺជាឈើប្រភេទ (ឈើសសរផ្ទះ) ដែលមានចំនួនកន្លះរថយន្ត នៅមិនទាន់វាស់វែងនៅឡើយ។
បច្ចុប្បន្ន វត្ថុតាងខាងលើ ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅទីបញ្ជាការដ្ឋាកងរាជអាវុធហត្ថខេត្ត។
ក្រោយមកក៍បានប្រគល់ជូនឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្តដើម្បីរក្សាទុក នឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
គួររំលឹកថា ជំនាញរដ្ឋាបាលព្រៃឈើខេត្ត ពំដែលចុះបង្ក្រាបបានតាមជំនាញរបស់ខ្លួនម្តងណាទេ តែងតែទទួលផលពេលដែលសមត្ថកិច្ចបង្ក្រាបបាន មិនខុសពីដល់ម៉ោងអង្គុយចាំឆីស្រាប់ៗ និងហាមាត់ចាំគេបកចេកបញ្ចុកតែប៉ុណ្ណោះ ដែលខ្លួនជាជំនាញខាងបង្ក្រាបបទល្មើសព្រៃឈើទៅហើយនោះ ទុកឲ្យបទល្មើសកើតមានយ៉ាងពេញបន្ទុក ខាងបទល្មើសដឹកជញ្ជូនឈើគ្រប់ប្រភេទ ក្នុងទឹកដីខេត្តស្ទឹងត្រែងយ៉ាងអនាធិបបតេយ្យគ្មានអ្នកបង្ក្រាប ៕ មាស សុផាត