ព័ត៌មានទាន់ហេតុការណ៍៖

បេឡាជាតិរបបសន្តិសុខសង្គមនឹងមានរបបថ្មីមួយទៀតគឺផ្នែកនិកម្មភាព

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា នឹងបង្កើតឲ្យមានរបបសន្តិ សុខសង្គមផ្នែកនិកម្មភាពថ្មីមួយបន្ថែមទៀត ដើម្បីការពារដល់កម្មករនិយោជិតដែលរងគ្រោះដោយសារ ម្ចាស់ក្រុមហ៊ុន (ថៅកែរោងចក្រ) បិទទ្វារ និងរត់ចោល ។

ក្រោយពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ កាលពី រសៀលថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១៣ ខែមីនាកន្លងទៅនេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់ដល់អ្នកសារព័តមានថា របបសន្តិសុខសង្គមផ្នែកនិកម្មភាព គឺសម្រាប់ឲ្យ សហគ្រាសគ្រឹះស្ថានទាំងអស់ ត្រូវមានកាតព្វកិច្ចបង់ភាគទានទៅក្នុងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីទប់ស្កាត់ហានិភ័យកើតឡើងជាយថាហេតុមួយកើតឡើង ដោយបេឡាជាតិរបបសន្តិសុខ សង្គម អាចនឹងទូទាត់លទ្ធភាពជំនួសដល់បងប្អូនកម្មករ ពោលគឺគ្រប់វិធានការណ៍ទាំងអស់ដែលរៀបចំ ឡើងដើម្បីធានានូវសុវត្ថិភាពជូនដល់កម្មកនិយោជិត កុំឲ្យមានការព្រួយបារម្ភណ៍ និងមានកង្វល់ទៀត។

តាមការបញ្ជាក់របស់លោកបណ្ឌិត អ៊ិត សំហេង កាលពីពេលកន្លងទៅនេះឲ្យដឹងទៀតថា បន្ទាប់ ទទួលបានអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលពីការទូទាត់ប្រាក់សំណងជូនដល់កម្មករនិយោជិត ដែល ជួបបញ្ហាម្ចាស់ក្រុមហ៊ុនឬថៅកែរោងចក្រ បានបិទទ្វារ និងរត់ចោល ក្រុមការងារដែលពាក់ព័ន្ធបានចុះទៅ តាមរោងចក្រទាំងអស់នោះដើម្បីរៀបចំផ្ទៀងផ្ទាត់ឡើងវិញនូវប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍នានា ដែលកម្មករនិយោជិតត្រូវទទួលបាន ហើយនឹងពិនិត្យមើលលទ្ធភាពនៃការរឹបយកនៃសម្ភារៈ ឬទ្រព្យសម្បត្តិ ម្ចាស់ក្រុមហ៊ុន (ថៅកែ) បោះបង់ចោល និងសេសសល់ ថាអាចទូទាត់សងទៅថវិការដ្ឋវិញយ៉ាងម៉េច។

គួររម្លឹកថា រោងចក្រចំនួន០៩ដែលបានបិទទ្វារនាពេលកន្លងមក ក្នុងនោះនៅខេត្តកណ្តាលចំនួន០១ ខេត្តកំពង់ស្ពឺចំនួន០៣ និងរាជធានីភ្នំពេញចំនួន០៥ ហើយរាជរដ្ឋាភិបាលបានបញ្ចេញហិរញ្ញប្បទានពិសេស សរុបចំនួនជាង០៤លាន ៥សែនដុល្លារអាមេរិក ដើម្បីទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្តប្រយោជន៍ជូនកម្មករ និយោជិតចំនួន៤.១៤៦នាក់ ៕ ស តារា


ចែករំលែក៖