ភ្នំពេញ៖ ក្រុមហ៊ុន ឯកជនមួយមកពីហុងកុង នឹងចាប់ផ្ដើមសាងសង់រោងចក្រកែច្នៃដំឡូងមីខ្នាតធំ នាខែមេសាខាងមុខ និង មានគម្រោងបង្កើតរោងចក្រចំនួន៥បន្ថែមទៀត នៅក្នុងរយៈពេល២ឆ្នាំខាងមុខ នេពបើយោងតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃម្សិលមិញ ។
យោងតាមព័តមានជាផ្លូវការមួយរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងទៀតថា ក្នុងជំនួបពិភាក្សា ការងារ កាលពីរសៀលថ្ងៃទី១៣ មីនា ឆ្នាំ២០១៨កន្លងទៅ នៅទីស្តីការក្រសួង រវាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក មីឆែល ធីស៊ី (Michael Tse) នាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្រ្គីន លីតឌ័រ (GreenLeader) ដែលជាក្រុមហ៊ុនមួយបានបោះទុននិវិយោគក្នុងកម្រិតធំលើការកែច្នៃផលិតផលដំឡូងមី បានជម្រាបជូនថា ក្រុមហ៊ុន ហ្រ្គីន លីតឌ័រ ជាក្រុមហ៊ុនមួយដែលបានចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈ នៅទីក្រុងហ៊ុងកុង ហើយបានចូលមកកម្ពុជាដើម្បីបង្កើតជារោងចក្រកែច្នៃដំឡូងមីខ្នាតធំ សម្រាប់កែច្នៃ ដំឡូងមីទៅជាម្សៅ។
ភាគីជំនួបបានបន្តថា ជាការចាប់ផ្ដើមអនុវត្តដំបូងទៅលើចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុនលោក ក្រុមហ៊ុននឹងចាប់ផ្ដើមសាងសង់រោងចក្រទី១ នៅខេត្តក្រចេះនៅអំឡុងខែមេសាខាងមុខ ដោយរោងចក្រ នេះ មានសមត្ថភាពកែច្នៃដំឡូងមីជាម្សៅប្រមាណ១០ម៉ឺនតោន ក្នុងមួយឆ្នាំ។ លោកឲ្យដឹងទៀតថា ដើម្បី អាចទទួលបានផលកែច្នៃក្នុងទ្រង់ទ្រាយដូចខាងលើ រោងចក្រចាំបាច់ត្រូវការដំឡូងមីជាវត្ថុធាតុដើមយ៉ាង តិច ៥០ម៉ឺនតោន ក្នុងមួយឆ្នាំ ហើយដើម្បីទ្រទ្រង់កម្រិតផលិតកម្មនេះបាន ក្រុមហ៊ុននឹងប្រើប្រាស់យន្តការ កិច្ចព្រមព្រៀងកសិកម្មជាមួយនឹងកសិករ ដោយផ្ដល់ជូននូវបច្ចេកទេស ពូជ និងធនធានមួយចំនួនទៀត។ លោកបន្ថែមថា ដោយឡែក រោងចក្រចំនួន០៥ដែលគ្រោងបង្កើតឡើងនាពេលខាងមុខដ៏ខ្លីនេះ នឹងសាង សង់ឡើងក្នុងខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ។
ជាកិច្ចឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់ភាគីជំនួបដែលបានមកបោះទុន កម្រិតធំនេះនៅកម្ពុជា ជាពិសេសគឺវិនិយោគលើវិស័យកសិកម្មដែលជា វិស័យមួយដ៏សំខាន់របស់កម្ពុជា។ លោកលើកឡើងថា ជាមួយនឹងផលិតផលដំឡូងមី ជាផលិតផលកសិកម្មធំទីពីររបស់កម្ពុជា បន្ទាប់ពី ស្រូវ ហើយក៏ជាផលិតផលមួយដែលមានសក្ដានុពលខ្ពស់សម្រាប់កែច្នៃនិងនាំចេញ ដោយដំឡូងមីអាច កែច្នៃទៅជាមុខទំនិញជាច្រើន ដូចជា ម្សៅមី ប្រេងឥន្ធនៈអេតាណុល គ្រាប់ថ្នាំពេទ្យ គ្រឿងឧបភោគ បរិភោគដទៃទៀត៕ ស តារា