ភ្នំពេញ៖ យុវជន២នាក់វ័យជាង២០ឆ្នាំ ត្រូវបានក្រុមសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោចាប់ឃាត់ខ្លួនភ្លាមៗ ខណៈដែលសមត្ថកិច្ចឆែកឆេរត្រួតពិនិត្យរកឃើញមានថ្នាំញៀនចំនួន២កញ្ចប់តូចនៅជាប់ខ្លួន។
ការឃាត់ខ្លួនក្រុមយុវជន២នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃពុធ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨ នៅចំណុចទល់មុខវត្តសំបួរមាស លើកំណាត់ផ្លូវ២១៧ចំការដូង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ខណៈដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅលើដងផ្លូវ២១៧ ដឹកនាំដោយលោក ម៉ក់ ពុទ្ធា នាយករដ្ឋបាលខណ្ឌ។
សមត្ថកិច្ចបានឲ្យដឹងថា យុវជន២នាក់នោះម្នាក់មានឈ្មោះ ងី ហ៊ាង អាយុ២៣ឆ្នាំ មានមុខរបរជំនាញម៉ាស៊ីនត្រជាក់(កំពុងរៀន) មានទីលំនៅសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។ និងម្នាក់ទៀតមានឈ្មោះ ធី ហុង អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀន២ថង់តូច និងម៉ូតូ១គ្រឿងម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១២ផងដែរ ហើយបច្ចុប្បន្នយុវជនសង្ស័យខាងលើ កំពុងស្ថិតក្រោមការសាកសួរបន្ថែម និងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
យុវជនសង្ស័យទាំង២នាក់បានសារភាពប្រាប់សមត្ថកិច្ចថា ពួកគេបានទៅទិញថ្នាំញៀននេះពីម្តុំក្តាន់ពីរ ហើយថាពួកគេទិញយកទៅប្រើប្រាស់ទេ។ ក្រោយពីទិញបានហើយ ពួកគេថាជិះម៉ូតូទៅលេងផ្ទះបងរបស់ខ្លួននៅក្នុងបុរីពិភពថ្មីចំការដូងនេះ លុះជិះម៉ូតូដល់ចំណុចគោលដៅឆែកឆេរ ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តងក្រោយពីរកឃើញមានថ្នាំញៀន។
ដោយឡែកយុវជនសង្ស័យឈ្មោះ ធី ហុង បានប្រាប់ថា រូបគេបានធ្លាប់ប្រើប្រាស់ថ្នាំញៀនផងដែរកាលពីកន្លងទៅ ហើយរូបគេបានផ្អាក់ប្រើប្រាស់ទើបតែបានជាង២សប្តាហ៍ប៉ុណ្ណោះ។
គួរបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោដឹកនាំដោយលោក ម៉ក់ ពុទ្ធា នាយករដ្ឋបាលខណ្ឌ មេបញ្ជាកការរងមូលដ្ឋានកងរាជអាវុធខណ្ឌ និងអធិការរងនគរបាលខណ្ឌ ព្រមទាំងមានការចូលរួមពីកម្លាំងសណ្តាប់ប្រជាការពារខណ្ឌដង្កោសរុប៥០នាក់៕ តាឡឹម