ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ក្រុមការងារយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងតារាសម្តែងអន្តរជាតិដ៏ល្បីលោកស្រីMichelle Yeohចូលរួមកម្មវិធីវិធានការស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការប្រើប្រាស់ផ្លូវក្នុងខេត្តសៀមរាប និងនៅទូទាំងប្រទេសកម្ពុជា ។
អ្នក ដែលចូលរួមក្នុងកម្មវិធីមានបុគ្គលិកក្រុមហ៊ុនព្រូដិនសលកម្ពុជាគ្រូបង្រៀនសិស្ស និងប៉ូលិសចរាចរណ៍ នឹងចូលរួមជាមួយលោកស្រីYeoh នៅសាលាបឋមសិក្សាគ្រួស និងផ្លូវប្រសព្វនានាក្នុងខេត្តសៀមរាប ដែលគាត់នឹងជួយអប់រំអ្នកធ្វើដំណើរអំពីការប្រើផ្លូវថ្នល់តាមផ្លូវប្រកបដោយសុវត្ថិភាព និងសារៈសំខាន់នៃការពាក់មួកសុវត្ថិភាពពេលប្រើប្រាស់ដងផ្លូវ ។
លោកស្រី Michelle Yeohគឺជាទូតសុឆន្ទៈរបស់អង្គការUNDP ជាអ្នកនាំពាក្យនៃគណៈកម្មការជាន់ខ្ពស់ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់សហព័ន្ធយានយន្តអន្តរជាតិ(FIA) និងក៏ជាទូតសុឆន្ទៈសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកលសម្រាប់ទសវត្សរ៍ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក2011-2020របស់អង្គការសហប្រជាជាតិ ។ លោកស្រីទទួលយកតួនាទីជាទូតសុឆន្ទៈសុវត្ថិភាពចរាចរណ៍ផ្លូវគោកSAFE STEPS មួយទៀតដើម្បីគាំទ្រដល់យុទ្ធនាការនេះដោយមិនយកប្រាក់កម្រៃ ។
លោកស្រី Michelle Yeohមានឈ្មោះល្បីល្បាញដោយសារការសម្តែងរបស់លោកស្រីនៅក្នុងខ្សែភាពយន្តដ៏ល្បីៗមួយចំនួនដូចជាខ្សែភាពយន្ត“Crouching Tiger, Hidden Dragon” និងខ្សែភាពយន្តJames Bond រឿង“Tomorrow Never Dies” ។ កាលពីពេលថ្មីៗនេះលោកស្រីបានទទួលការចាប់អារម្មណ៍លើឆាកអន្តរជាតិចំពោះការសម្តែងរបស់លោកស្រីនៅក្នុងកម្មវិធីទូរទស្សន៍Star Trek ដែលមានឈ្មោះថា“Star Trek: Discovery” ។
ក្រុមហ៊ុនព្រូដិនសលកម្ពុជាបាន និងកំពុងបន្តបង្ហាញការប្តេជ្ញាចិត្តដ៏វែងឆ្ងាយរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋខ្មែរគ្រប់គ្នាដោយគាំទ្រសហគមន៍មូលដ្ឋាននានាតាមរយៈការបង្កើតគំនិតផ្តួចផ្តើមដ៏មានឥទ្ធិពល និងមានអត្ថន័យធំធេងដូចជាគម្រោងអប់រំវិធានការសុវត្ថិភាពនានា (SAFE STEPS) ដែលបុគ្គលិករបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានស្ម័គ្រចិត្តចំណាយពេលវេលាជាមួយអាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្ស និងអ្នកពាក់ព័ន្ធនានាដើម្បីអប់រំប្រជាពលរដ្ឋនៅតាមបណ្តារខេត្តនានានៅកម្ពុជា ។ ក្នុងរយៈពេល៥ឆ្នាំ ដែលក្រុមហ៊ុនព្រូដិនសលកម្ពុជាបានចាប់ផ្តើមផ្តល់សេវាធានារ៉ាប់រងអាយុជីវិតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាមកក្រុមហ៊ុនបានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនយ៉ាងឋិតថេរក្នុងការផ្តល់មិនត្រឹមតែសេវាហិរញ្ញវត្ថុដ៏ល្អបំផុត និងការការពារដល់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ តែថែមទាំងលើកកម្ពស់ និងផ្តល់ជំនួយដល់សហគមន៍នានាទូទាំងប្រទេសកម្ពុជាផងដែរ ៕ វឌ្ឍនា