ព័ត៌មានទាន់ហេតុការណ៍៖

គិតខ្លីមែន គ្រាន់តែប្រពន្ធមិនឲ្យទៅហូបការគេ ចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង: ពិតជាមានគំនិតខ្លីមែន បុរសម្នាក់គ្រាន់តែប្រពន្ធមិនឲ្យទៅហូបការគេ ដាច់ចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់ចោលប្រពន្ធកូនរស់នៅជាស្រ្តីមេម៉ាយ និងកំព្រាឪពុកមួយជីវិត ។

ករណីនេះកើតឡើងនៅម៉ោង៩និង៥០នាទីយប់ថ្ងៃ ពុធ ១៣ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្បាលដំរី ភូមិដីល្អ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

នគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពូក ក្រឹម ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំ ស្រុកកន្លែងកើតហេតខាងលើ ។

តាមការឲ្យដឹងពីក្រុមគ្រួសារសពនិយាយ មុនពេលកើតហេតុ ជនរងគ្រោះបានសុំប្រពន្ធកូន ទៅស៊ីការគេ នៅឃុំសំបួរ ស្រុកភ្នំព្រឹកនេះឯង តែដោយយល់ឃើញថា ជនរងគ្រោះស្រវឹងស្រាជាប្រចាំ ប្រពន្ធកូនខ្លាចខ្មាសគេក៏រារាំងមិនឲ្យទៅចូលរួម តែមិនដឹងថាគាត់ចិត្តខ្លាំងលួចទៅធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយយកខ្សែគោចង ក នឹងដើមស្វាយក្រោយផ្ទះស្លាប់បែបនេះឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ បានធ្វើកោសល្យវិច័យលើសាកសព ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួន ប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖