ខេត្តកណ្ដាលៈ ចៅតិរច្ឆាន និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ព្រោះតែខឹងនឹងជីដូនរបស់ខ្លួនបិទភ្លើង ខណៈកំពុងដេកស្អែកឡើងស្ទុះមកធាត់ជីដូនរបស់ខ្លួនធ្លាក់ពីលើអង្រឹង បណ្ដាលឲ្យរងបួសយ៉ាងដំណំ ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចក្រោមផ្ទះលោកយាយរងគ្រោះឈ្មោះ ពី មួយ ស្ថិតក្នុងភូមិពាមឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានមានឈ្មោះ គង័ គីមហុង ភេទប្រុស អាយុ២៤ឆ្នាំ រីឯលោកយាយរងគ្រោះឈ្មោះ ពី មួយ ភេទស្រីអាយុ៧០ឆ្នាំ មុខរបរលក់ដូរ ។ ជនសង្ស័យ និងលោកយាយរងគ្រោះត្រូវជាចៅ និងជីដូន មានទីលំនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនអស់រយៈពេលជិតមួយឆ្នាំមកហើយ ហើយជនសង្ស័យតែងតែអុកឡុករករឿងក្នុងគ្រួសារ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះជាច្រើនលើកច្រើនសារផងដែរ ខណៈដែលខឹងម្ដងៗ ។ រហូតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២២យប់ ជនសង្ស័យបានឡើងទៅលើផ្ទះដេកដោយបានបើកភ្លើងភ្លឺពេក ឃើញដូច្នោះលោកយាយរងគ្រោះក៏បានឡើងទៅលើផ្ទះ រួចបានបិទភ្លើង ភ្លាមនោះជនសង្ស័យជាចៅមានចិត្ដខឹងនឹងលោកយាយរបស់ខ្លួនខ្លាំងណាស់ ក៏បានក្រោកពីដេកមកជេរលោកយាយរបស់ខ្លួន ភ្លាមនោះក៏ចូលទៅដេកវិញ ។ លុះភ្លឺឡើងថ្ងៃទី១៤ ខែ/ឆ្នាំដដែល វេលាម៉ោង១០ និង៣០នាទី ជនសង្ស័យជាចៅ បានក្រោកពីដេកចុះពីលើផ្ទះដោយពោពេញទៅដោយកំហឹង ក៏បានដើរសំដៅទៅរកលោកយាយរបស់ខ្លួនដែលកំពុងដេកលើអង្រឹងក្រោមផ្ទះ ភ្លាមនោះជនសង្ស័យក៏បានធាក់លោកយាយរបស់ខ្លួនមួយជើងយ៉ាងពេញទំហឹង ចំស្មារខាងស្តាំ បណ្តាលឲ្យលោកយាយរងជនរងគ្រោះចុកឆ្អល់រហូតបាត់មាត់បាត់.ក បានមួយសន្ទុះទើបដឹងខ្លួនវិញ ។
ក្រោយពីមានហេតុការណ៍កើតឡើង លោកយាយរងគ្រោះបានទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ដើម្បីមកចាប់ខ្លួនជនសង្ស័យ ។ ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចក៏បានចុះមកចាប់ខ្លួនជនសង្ស័យយកមកងធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ