ព័ត៌មានទាន់ហេតុការណ៍៖

ភាគច្រើនពលរដ្ឋកូរ៉េខាងត្បូងមិនជឿថា គីម ជុងអ៊ុន មានចិតស្មោះលុបបំបាត់អាវុធបរមាណូ

ចែករំលែក៖

បើទោះបីទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ល្អប្រសើរឡើងវិញក្រោយការប្រកួតកីឡា អូឡាំពិករដូវរងាកន្លងមក និងមានដំណើរទស្សនកិច្ចទៅវិញទៅមក ហើយនៅខែមេសាខាងមុខនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន និងលោក គីម ជុងអ៊ុន នឹងជួបពិភាក្សាគ្នាជាលើកដំបូង។

ក្រៅពីនេះ កូរ៉េខាងជើងក៏បានផ្ញើលិខិតទៅឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្នើឲ្យមានជំនួបពិភាក្សាគ្នា ដើម្បីបញ្ចប់កម្មវិធីបរមាណូ។ មេដឹកនាំ គីម ជុងអ៊ុន បានប្រកាសថា នឹងបោះបង់អាវុធបរមាណូ ប្រសិនបើមានការធានាដល់សន្តិសុខជាតិនោះ។ ប៉ុន្តែការស្ទង់មតិនាពេលកន្លងមកថ្មីៗ នៅកូរ៉េខាងត្បូង បង្ហាញឲ្យឃើញថា ពលរដ្ឋកូរ៉េខាងត្បូង ភាគច្រើនមិនជឿងថា គីម ជុងអ៊ុន មានចិត្តស្មោះ លុបបំបាត់បរមាណូនោះឡើយ។

ប្រជាជនកូរ៉េខាងត្បូងបានសម្ដែងការស្វាគមន៍ចំពោះកូរ៉េខាងជើងដែលបានបង្ហាញពីបំណងចង់ជួបចរចាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ប៉ុន្តែទន្ទឹមគ្នានេះ ពួកគេនៅតែមិនទាន់ទុកចិត្តទាំងស្រុងឡើយ លើចិត្តស្មោះរបស់មេដឹកនាំកូរ៉េខាងជើង ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ នេះបើតាមការស្ទង់មតិមួយ ដកស្រង់ដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។

យោងតាមការស្ទង់មតិធ្វើឡើងដោយវិទ្យាសា្ថនកូរ៉េខាងត្បូង Real Meter ប្រជាជនកូរ៉េខាងត្បូង ត្រូវបានសម្ភាសន៍ ៧៣.១ ភាគរយ ស្វាគមន៍ចេតនាចង់ជួបចរចារបស់កូរ៉េខាងជើង។ តែទោះជាយ៉ាងនេះក្ដី ប្រជាជនកូរ៉េខាងត្បូង ៦៤.១ភាគរយ បាននិយាយថា ពួកគេមិនទុកចិត្តថា លោក គីម ជុងអ៊ុន មានភាពស្មោះត្រង់ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរនោះទេ។

គួរបញ្ជាក់ថា ការស្ទង់មតិរបស់ Real Meter ចេញផ្សាយកាលពីថ្ងៃចន្ទ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងបានយល់ព្រមចូលរួមកិច្ចចរចារជាមួយកូរ៉េខាងត្បូងនៅខែមេសា និងជាមួយសហរដ្ឋអាមេរិកនៅខែឧសភា៕ ម៉ែវ សាធី

 

 


ចែករំលែក៖