ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញ​មូលហេតុ​ដែល​សត្វ​ងាប់​បន្តបន្ទាប់ នៅ​ស្រុក​ឆែប គឺមាន​គេ​ដាក់​ថ្នាំពុល​ក្នុង​ទឹក​ថ្លុក​

ចែករំលែក៖

ខេត្តព្រះវិហារ​៖ រយៈពេល​កន្លងមកនេះ នៅក្នុង​ស្រុក​ឆែប ខេត្តព្រះវិហារ មាន​ករណី​ភ្ញាក់ផ្អើល​កើតឡើង ដោយសារតែ​សត្វ​គោ និង​សត្វ​ជាច្រើន​ទៀត បាន​ងាប់​ជា​បន្តបន្ទាប់ ដែល​គេ​សង្ស័យថា បណ្តាលមកពី​សត្វ​ទាំងនោះ ស៊ី​ដំណាំ​ដែល​គេ​បាញ់​ថ្នាំពុល​, ក្រោយមក​ខាង​ជំនាញ បាន​រកឃើញថា ការពិត​គឺមាន​គេ​ដាក់​ថ្នាំពុល​ក្នុង​ទឹក​ថ្លុក ដើម្បី​ចាប់​សត្វ​​។​

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៥ មិនា ម្សិលមិញ ថា មូលហេតុ​ដែលមាន​សត្វ​ងាប់​ជា​បន្តបន្ទាប់​នោះ លោក​បាន​ដឹកនាំ​ក្រុមការងារ​មន្ទីរ​កសិក​ម្ម​ខេត្ត ចុះ​ពិនិត្យ​ដល់​ក្នុង​ការដ្ឋាន​ទី​៣ របស់​ក្រុមហ៊ុន​ហេង យូ នៅ​ចំណុច​ត្រពាំង​ដាវ ក្នុងភូមិ​ដង​ផ្លិត ឃុំ​ឆែប​ពីរ ស្រុក​ឆែប ដោយ​ក្រុមការងារ​បាន​រកឃើញ​ថា ទីតាំង​នោះ​មាន​ថ្នាំ​សម្លាប់សត្វ​ល្អិត​ពណ៌​ស្វាយ (​ថ្នាំ​សម្លាប់​កណ្តៀរ​) ដែល​បង្ក​ឲ្យ​សត្វ​គោ​របស់​អ្នកស្រុក​ងាប់ ក៏ដូចជា​សត្វ​ស្លាប និង​ត្រី​មួយចំនួន​ផងដែរ​។ លោក បញ្ជាក់ទៀតថា ថ្នាំពុល​នេះ ត្រូវបាន​គេ​ដាក់​សម្រាប់​ចាប់​សត្វ ដាក់​តាម​ទឹក​ដក់​តូចៗ ឬ​ថ្លុក ដែល​មិនទាន់​រីង លុះ​ពេល​សត្វ​គោ ឬ​សត្វ​ផ្សេងៗ​ទៀត ផឹកទឹក​នោះ​វា​នឹង​ពុល​។​

លោក ពឹង ទ្រី​ដា បាន​បន្ថែមថា វិធានការ​ការពារ​កុំ​ឲ្យ​មាន​សត្វ​គោ​អ្នកស្រុក ក៏ដូចជា​សត្វ​ស្លាប​ងាប់​តទៅទៀត ក្រុមការងារ​ជំនាញ បាន​សហការ​ជាមួយ​ក្រុមហ៊ុន ហេង យូ បាន​ឈូសឆាយដី​លប់​ទឹក​ដែល​ដក់​នៅ​កន្លែង​មាន​ថ្នាំពុល និង​បាន​ណែនាំ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​យក​សត្វ​ដែល​ងាប់​នោះ ទៅ​បរិភោគ ជៀសវាង​មាន​គ្រោះថ្នាក់​៕

អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក


ចែករំលែក៖