ព័ត៌មានទាន់ហេតុការណ៍៖

របួស៣នាក់ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥៥

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សចំនួន ៣នាក់បានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ២ផ្សេងគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ដែលទើបនឹងកសាងរួចថ្មីស្រឡាងមកនេះ។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចបានឲ្យដឹងថា នៅរសៀលថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយអ្នកបើករថយន្តម៉ាក កាមរី គូថស្វិត ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P 8474 ឈ្មោះ មឿង វៃ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង(របួសស្រាល) ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត (មិនប្រកាន់ស្ដាំ) លុះទៅដល់ចំណុចកើតហេតុបានជ្រុលបុកអ្នកជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G 3216 ឈ្មោះ ប៊ុន រុង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នាបណ្ដាលឲ្យរបួសធ្ងន់(បាក់ជើងឆ្វេង)។

ប្រភពដដែលខាងលើបន្តថា នៅរសៀលថ្ងៃដដែលនោះ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ដែរ ត្រង់ចំណុចស្ពានស័ង្កសី ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀតបានកើតឡើងដែរ ដោយរថយន្តបែនដឹកគ្រួស ១គ្រឿងបើកចុះចំណត់ជ្រុលបុករោង ១ខ្នងខ្ទេច រួចក្រឡាប់ផ្ងាជើងឡើងលើតែម្ដង ប៉ុន្តែគ្រាន់តែរបួសស្រាលអ្នកបើកបរប៉ុណ្ណោះ ។

ប្រភពបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងពីលើកខាងលើ ជនរងរបួសត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ចំណែកវត្ថុតាងម៉ូតូ និងរថយន្តម៉ាក កាមរី យកទៅរក្សាទុកជាបណ្ណោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកវាលវែង រងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី ដោយឡែក៖ រថយន្តធុនធំបានសម្របសម្រួលគ្នា ចប់សព្វគ្រប់នៅកន្លែងកើតហេតុ៕ ប៉ឹម ពិន


ចែករំលែក៖