ខេត្តកណ្ដាល៖ មេការក្នុងហាងខារ៉ាអូខេ យីហោឈ្មោះ KTV 168 បាននាំបក្ខពួកវាយទៅលើភ្ញៀវដែលចូលមកច្រៀងកំសាន្ដ បណ្ដាលឲ្យភ្ញៀវទទួលរងរបួសយ៉ាងដំណំ បន្ទាប់ពីជនរងគ្រោះជាភ្ញៀវមិនឲ្យមេការហាងខារ៉ាអូខេគិតលុយធីបក្នុងបុង ។
ករណីហិង្សាខាងលើនេះ កើតឡើងកាលពីវេលម៉ោង១០យប់ ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្ដកណ្ដាល ។
បើតាមការអះអាងពីប្រជាពលរដ្ឋថា ហាងខារ៉ាអូខេខាងលើនេះមិនមានច្បាប់អនុញ្ញាតិនោះទេនិងបង្ករការរំខានដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនិងមាននារីចាំបំរើសេវាផ្លូវភេទទៀតផង។
មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃីម ផល្លី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្ដកណ្ដាល (រងរបួសចំភ្នែកខាងស្ដាំ ,ខ្នង និងកញ្ចឹង.ក) ។ ចំណែកជនសង្ស័យឈ្មោះ ភេន ស្រ៊ី ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្ដកណ្ដាល រួមជាមួយបក្ខពួកជនសង្ស័យទៀតផងដែរ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាទៅចូលច្រៀងក្នុងហាងខារ៉ាអូខេខាងលើ លុះច្រៀងចប់ ជនរងគ្រោះបានឲ្យលុយធីបទៅនារីដែលជាអ្នកកំដរក្នុងម្នាក់ចំនួន១០ដុល្លាររួចហើយ រួចក៏ឲ្យមេការក្នុងបន្ទប់គិតលុយ ។ ក្រោយពីមេការគិតលុយរួច ជនរងគ្រោះបានពិនិត្យមើលតម្លៃក្នុងបុង ស្រាប់តែឃើញក្នុងបុងនោះគិតលុយធីបថ្លៃនារីកំដរម្ដងទៀត ខណៈនោះដែរ ជនរងគ្រោះពុំព្រមនោះទេ ក៏បង្កជាជម្លោះរហូតដល់ជនសង្ស័យជាមេការខាងលើ បាននាំបក្ខពួករបស់ខ្លួនមកវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរងបួសយ៉ាងដំណំតែម្ដង ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូនដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ