ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់គ្នាតាម Facebook យុវជនម្នាក់ ល្បួងក្មេងស្រីអាយុ១៥ឆ្នាំ រំលោភបានសម្រេច២ដង

ចែករំលែក៖

(កំពត)៖ យុវជនម្នាក់ពាក់ព័ន្ធករណីល្បួងក្មេងស្រី អាយុ១៥ឆ្នាំ ណាត់ជួបគ្នាតាមបណ្តាញសង្គម Facebook រួចរំលោភបានសម្រេចរហូតដល់២ដង ត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានឃុំម៉ាក់ប្រាង្គ ឃាត់ខ្លួនបាននៅម៉ោងជាង១២យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចវត្តព្រៃទប់ ស្ថិតក្នុងភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តកំពត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឌឿង ឡា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបាក់ត្រាង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ រីឯកុមារីរងគ្រោះ ឈ្មោះ អ.ស.អ អាយុ១៥ឆ្នាំ រស់នៅ ភូមិ ឃុំ កន្លែងឃាត់ខ្លួនជនល្មើសខាងលើ។

មន្ត្រីនគរបាលរូបនេះបន្តទៀតថា កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចវត្ដព្រៃទប់ខាងលើ មានពិធីបញ្ចុះសីមា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ហើយនៅយប់ថ្ងៃទី១៤ ខែមីនា មានក្រុមកន្ដ្រកហោះមកលេងនៅក្នុងពិធីបញ្ចុះសីមានោះផងដែរ ហើយក្រុមក្មេងៗ បម្រើការងារកន្ដ្រកនេះ មានជនល្មើសខាងលើបានមានទំនាក់ទំនងស្គាល់ជាមួយជនរងគ្រោះតាមបណ្តាញ Facebook រួចហើយ ជនសង្ស័យបានល្បួងលួងលោម ធ្វើសកម្មភាពចាប់បង្ខំរំលោភរហូត បានសម្រេចក្នុងមួយយប់២ដង។

ក្រោយពេលឪពុកម្ដាយ បងប្អូន បាត់ជនរងគ្រោះយូរពេក មិនឃើញមកផ្ទះវិញសោះ ក៏ចាត់គ្នាដើររក ទើបប្រទះឃើញជនរងគ្រោះ នៅម៉ោង១១យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ដេកសន្លប់បាត់បង់ស្មារតី នៅក្នុងអង្រឹងក្រោមកន្ត្រកហោះ ចំណុចក្នុងវត្តព្រៃទប់ខាងលើ ហើយក្រុមគ្រួសារក៏ប្រញាប់ប្រញាល់ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តជាបន្ទាន់។ ក្រោយបន្ទាប់មក ឪពុកម្តាយជនរងគ្រោះ បានប្ដឹងទៅសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលមូលដ្ឋាន ចុះទៅចាប់ឃាត់ខ្លួនជនសង្ស័យបានភ្លាមផងដែរ។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានសាកសួរ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕

អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក


ចែករំលែក៖