ខេត្តកំពង់ធំៈ ថ្មីនេះមានសកម្មភាពឈូសឆាយដីព្រៃលិចទឹក ដែលជាជម្រកមច្ឆជាតិពងកូន ត្រូវបានឈ្មួញនាំយកគ្រឿងចក្រ៥គ្រឿង ឈូសឆាយដីព្រៃលិចទឹកនៅតំបន់បី ក្រោយពីសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ត្រី រស់ តឿ ប្រធាន បច្ចេកទេសសន្តិសុខ បង្រ្កាបបទល្មើសចុះបង្រ្កាបចាប់បានមនុស្ស២នាក់ និងគ្រឿងចក្រ២គ្រឿង ហើយក៏ត្រូវ បានដោះលែងយ៉ាងស្ងៀមស្ងាត់សង្ស័យមិនប្រក្រតី។
តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ការឈូសឆាយដីព្រៃលិចទឹកនេះ បានធ្វើសកម្មភាពដោយ ឈ្មោះ យ៉ង ណយ ប្រពន្ឋឈ្មោះ ថន សាលៀង បច្ចុប្បន្នរស់នៅ ភូមិអូកន្ធរត្បូង សង្កាត់អូកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយពុំមានលិខិតអនុញ្ញាតិ ពីសមត្ថកិច្ចជំនាញ និងអាជ្ញាធរនោះឡើយ ដោយមានអ្នករត់ការបើកផ្លូវឈ្មោះ ម៉ង់ ប្រធានសហគមន៍នេសាទ។
ពាក់ព័ន្ឋនឹងការឈូសឆាយ ដីព្រៃលិចទឹកនេះ លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានឲ្យដឹងថា ដីដែលឈូឆាយនេះ គឺជាដីឆ្វៀលបន្ថែមទៀតចំនួនជាង ២១១១ហិកតា គឺជាសំណើររបស់ខេត្តកំពង់ធំ សុំបន្ថែម ក្រៅពីដីដែលសម្តេចតេជោ ហ៊ុន សែន ឆ្វៀលឲ្យចំនួនប្រជាពលរដ្ឋចំនួន៤០០០ហិកតា នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីយកដីទាំងនេះឲ្យប្រជាពលរដ្ឋធ្វើស្រែ នៅតំបន់ ដំរីស្អុយ ពងចាប ខាងត្បូង ឈាងខាងលិចបឹងព្រះស្នែង ភូមិសាស្រ្តឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ប្រភពព័ត៌មាន បានបញ្ជាក់ថា ដីដែលឈូសឆាយនេះ គឺជាល្បិចកលរបស់ឈ្មួញ ដោយប្រើប្រាស់ ប្រជាពលរដ្ឋឲ្យកាប់ទន្រ្ទានដីព្រៃលិចទឹក ឲ្យវាល ឲ្យស្រឡះ ហើយបាននាំគ្នាយកគ្រឿងចក្រមកឈូសឆាយ ដោយអែបអាងជាមួយនឹងដីរបស់សម្តេច ហ៊ុន សែន ឆ្វៀលអោយ ដែលមិនខុសពីកន្ទេសធំបន្លំដេកនោះទេ ចំណែកជនដែលធ្វើសកម្មភាព ឈូសឆាយដីព្រៃដោយគ្មានច្បាប់អនុញ្ញាត តាមការអះអាងរបស់សមត្ថកិច្ចកងរាជអាវុធហត្ថ ត្រូវបានដោះលែងទៅវិញ ដែលជាហេតុធ្វើឲ្យមានការសង្ស័យ មិនប្រក្រតី។
លោកប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផលខេត្តកំពង់ធំ បាន អះអាងថាពុំមានដីដល់ទៅជាង ២០០០ហិកតាសម្រាប់ចែកជូនប្រជាពលរដ្ឋស្រុកកំពង់ស្វាយនោះទេ គ្រាន់តែដឹងថាប្រជាពលរដ្ឋបានសំណូមពរ សុំដីបន្ថែមតាមរយះលោក ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី តែគ្រាន់បានធ្វើសំណើ ទៅខេត្តកំពង់ធំ តែពុំទាន់បានឯកភាព ឬក៏លិខិតអនុញ្ញាតនោះឡើយ ចំណែកការឈូសឆាយដីព្រៃលិចទឹកនេះ លោកពុំបានដឹងនោះឡើយ ។
លោក សុខ លុ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ឆ្លើយបដិសេធន៍ ថាលោកពុំបានដឹងរឿងទាំងនេះទេ កំពុងរង់ចាំឲ្យខាងរដ្ឋបាលជលផលរាយការណ៍មក ដែលបទសម្ភាសនេះ ត្រូវបានធ្វើឡើងនៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ។
សូមបញ្ជាក់ថា កាចុះចាប់គ្រឿងចក្រឈូសឆាយ ដីព្រៃលិចទឹកនេះ បានធ្វើឡើងតាំងពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៨មកម្ល៉េះ រហូតមកដល់ពេលនេះពុំទាន់រាយ ការណ៍ជូនអភិបាលខេត្តកំពង់ធំនោះឡើយ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។
ប្រជាពលរដ្ឋ ដែលពុំបានទទួលផល បានសំណូមពរឲ្យ លោក វែង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រម៉ាញ់និងនេសាទ មេត្តាជួយចុះត្រួតពិនិត្យទីតាំងដីខាងលើ ដែលមានការអះអាងថា សម្តេចឲ្យដីបន្ថែម ចំនួន២១១១ហិកតា ដោយសារនេះជាល្បិចកលរបស់ឈ្មួញ ហើយដីទាំងនេះ ក៏ពុំបានធ្លាក់ដល់ដៃរបស់ ប្រជាពលរដ្ឋដែរ គឺគ្រាន់តែដាក់ឈ្មោះសម្រាប់យកដីលក់ឲ្យឈ្មួញតែប៉ុណ្ណោះ ៕ ប៊ុន រិទ្ធី