ភ្នំពេញ៖ លោក ស៊ុំ រិទី្ធ អនុប្រធានលទ្ធកម្មខណ្ឌមានជ័យ អាចនឹងប្រឈមមុខក្នុងករណីបណ្តឹងពីសំណាក់ម្ចាស់ហ្គេមបាញ់ត្រី ឬពីសំណាក់ម្ចាស់ផ្ទះ ដោយសារតែលោក ស៊ុំ រិទី្ធ ក្នុងរយះពេលប៉ុន្មានថ្ងៃនេះបានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងហ្គែមបាញ់ត្រី និងដកហូតសម្ភារៈជាច្រើនមករក្សាទុកនៅសាលាខណ្ឌមានជ័យ។
អ្វីដែលគេត្រៀមដាក់បណ្តឹងទៅលើរូបលោក ស៊ុំ រិទី្ធ នោះក្នុងហេតុផលថា លោកស៊ុំ រិទី្ធ បានដឹកនាំកម្លាំងចុះបង្ក្រាបមិនបានសហការ និងសមត្ថកិច្ចនគរបាលប៉ុសិ៍្តក្នុងមូលដ្ឋាន និងមិនមានការសម្របសម្រួលពីសំណាក់ព្រះរាជអាជ្ញា។
ប្រភពបានទម្លាយឲ្យដឹងថា លោកស៊ុំ រិទី្ធ គ្រាន់តែជាអនុប្រធានលទ្ធកម្មខណ្ឌហ៊ានដឹកនាំកម្លាំងប្រជាការពារចុះបង្ក្រាបគាស់ទ្វារផ្ទះគេ ខណៈដែលម្ចាស់ផ្ទះមិនបានចូលរួម និងមិនមានការសម្របសម្រួលពីសំណាក់ព្រះរាជអាជ្ញា។ លោកស៊ុំ រិទី្ធ អនុវត្តខុសនីតិវិធីច្បាប់ នេះជាមូលហេតុ។
ប្រភពបានពន្យល់ថា គេមិនដែលធ្វើការងាររំលោភច្បាប់បានទេ ក្នុងករណីបទល្មើសត្រឹមល្បែងស៊ីសងហើយផ្ទះគេចាក់សោយើងមិនអាចគាស់ទ្វារផ្ទះគេបានទេ ហើយក៏ត្រូវសហការនិងកម្លាំងសមត្ថកិច្ចនគរបាលយុតិ្តធម៌ចូលរួមដូចជា៖ នគរបាលប៉ុសិ៍្តរដ្ឋបាលនិងកម្លាំងនគរបាលខណ្ឌជាដើម។
ឆ្លើយតបទៅនឹងករណីខាងលើនេះ លោកស៊ុំ រិទី្ធ បានបញ្ជាក់ឲ្យដឹងកាលពីម្សិលមិញថា នេះគឺដោយសារលោកដឹកនាំចុះបង្ក្រាបធ្វើឲ្យប៉ះឆ្នាំងបាយគេ និងផលប្រយោជន៍របស់គេ ទើបធ្វើឲ្យគេមិនសប្បាយចិត្ត។ លោកថា លោកធ្វើនេះគឺដោយសារអនុវត្តន៍ទៅតាមបទបញ្ជារបស់លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យផងដែរ។ លោកមិនដែលធ្វើអ្វីៗដោយចិត្តឯងនោះទេ។
លោកថា អ្នកមិនសប្បាយចិត្តគឺអ្នកនៅក្នុងខណ្ឌហ្នឹងតែម្តង។ លោកបន្តថា ធម្មតាទេ កាលយើងទៅបំផ្លាញឆ្នាំងបាយគេគ្មាននរណានិយាយល្អ ឬសរសើរយើងទេ គេតែងតែរកលេសទំលាក់កំហុសឲ្យយើងជាអ្នកអនុវត្តច្បាប់ទៅវិញ ។ លោកថា លោកមិនខ្វល់ទេ បើគេរកប្តឹងរូបលោកសុំអញ្ជើញប្តឹងចុះ វាជាសិទិ្ធបុគ្គលតែសុំបង្ហាញអ្នកប្តឹងផង និងអ្នកកាងនៅពីក្រោយខ្នង ហើយក្នុងនាមលោកជាមន្ត្រីសាធារណៈក៏មានសិទិ្ធប្តឹងវិញដែរ។
លោកស៊ុំ រិទី្ធ ក៏បានបញ្ជាក់ឲ្យទៀតថា ចំពោះការដឹកនាំចុះបង្ក្រាបកន្លងមកអភិបាលខណ្ឌមានជ័យ ដែលជានគរបាលយុតិ្តធម៌ និងជាប្រធានគណៈបញ្ជាការឯកភាពលោកមានសិទិ្ថគ្រប់គ្រាន់ក្នុងការបញ្ជាដល់មន្ត្រីក្រោមឱវាទរបស់លោកចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងដែនដីគ្រប់គ្រងសមត្ថកិច្ចរបស់ខ្លួន ហើយការសម្រេចចុះបង្ក្រាបនេះគឺបានឯកភាពគ្នាក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរួចហើយ ពិសេសមុននឹងចុះទៅបង្ក្រាបលោកអភិបាលបានសុំយោបល់ ឬធ្វើសេចក្តីរាយការណ៍ជូនព្រះរាជអាជ្ញារងទទួលបន្ទុកសម្របសម្រួលក្នុងខណ្ឌមានជ័យរួចរាល់ហើយដែរ ៕ តាឡឹម