ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស RX300បើកបុករ៉ឺម៉កកង់បីដឹកឧបករណ៍ភ្លេងវង់តន្ត្រីរិទ្ធ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តម៉ាកឡិចស៊ីសRX300 អតស្គាល់ស្លាកលេខ បានបើកបុករ៉ឺម៉កកង់បី ពីក្រោយចំយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសបើករ៉ឺម៉កកង់បី រងរបួសបែកក្បាលឈាមហូរពេញមុខ របួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១០និង២៥នាទីយប់ នៅលើផ្លូវជាតិលេខ០២ ស្ថិតនៅភូមិក្រពើរហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមលោក សយ ចាន់ នាយផ្នែកចរាចរណ៍នៃអធិការក្រុងតាខ្មៅ បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះមុំ មួន ហៅ ងួន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកនាយផ្នែកបានឲ្យដឹងបន្ថែមទៀតថា៖ នៅមុនពេលកើតហេតុ រ៉ឺម៉កកង់បីបានធ្វើដំណើរដឹកភ្លេងរបស់ក្រុមតន្ត្រីឈ្មោះរិទ្ធ និងអ្នកច្រៀង ដែលប្រចាំនៅហាង២២២ ក្រុងតាខ្មៅ ពីព្រែកហូរ មកហាង២២២ លុះធ្វើដំណើរវិលត្រឡប់មកវិញ ក្នុងទិសដៅពីជើង ទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស RX300អតស្គាល់ស្លាកលេខ បើកបរក្នុងល្បឿនលឿនក្នុងទិសដៅស្របគ្នា បានជ្រុលចង្កូតទៅបុក ចំពីក្រោយរ៉ឺម៉ក បណ្តាលឲ្យហោះផ្លោងក្រឡាប់រ៉ឺម៉ក និងរបួសបុរសជាម្ចាស់រ៉ឺម៉ក បែកក្បាលហូរឈាម ។

ភ្លាមៗត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកែវ សាន ។ ចំណែកឯវត្ថុតាងកម្លាំងជំនាញវាស់វែង និងយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅ ៕ ឆ ដា


ចែករំលែក៖