ភ្នំពេញ៖ពេលនេះ សមត្ថកិច្ចកំណត់មុខសញ្ញាដែលប្រើហិង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិបណ្ឌិតស៊ុយ សារ៉េត រហូតដល់ទៅ១១នាក់ ដែលពេលនេះមានជនសង្ស័យ៣នាក់ហើយដែលចាប់ខ្លួនបានបញ្ជូនមកតុលាការ។
ជនសង្ស័យទាំង៣នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមីនា នេះ ដែលបច្ចុប្បន្នលោកព្រះរាជអាជ្ញារង ខៀវ ផល្លា កំពុងចាត់ការតាមនីតិវិធី ។
សមត្ថកិច្ចបានសន្និដ្ឋានចោទប្រកាន់លើជនសង្ស័យពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ។
លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ថ្លែងក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី១៦ ខែមីនា ថា ជំហានដំបូងកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់គឺឈ្មោះ អាន វិនទី អាយុ២១ឆ្នាំ មុខរបរជាងទង ស្នាក់នៅផ្ទះមិនចាំលេខ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក និង ឈ្មោះ យាត ទិត្យា ហៅយ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។ជនទាំង២នាក់ឃាត់បានកាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចភោជនីយដ្ឋានឈូកទិព្វ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរូបនេះបានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ទើបបន្តការស្រាវជ្រាវបន្ថែម រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ម្នាក់ទៀតឈ្មោះ អាន ផល្លី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបររត់រ៉ឺម៉កកង់បី ស្នាក់នៅផ្ទះលេខ២៥៤១ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្នុងឃុំល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកបន្តទៀតថា ជនសង្ស័យដែលបានបង្កហិង្សាទៅលើលោកបណ្ឌិត ស៊ុយ សារ៉េត និងវាយរថយន្ដបណ្ដាលឱ្យរងការខូចខាតស្ទើរទាំងស្រុង ទាំងអស់មានចំនួន១១នាក់ និងបានឃាត់ខ្លួន៣នាក់ និង៨នាក់ផ្សេងទៀត ដែលនៅសេសសល់ បានស្គាល់អំពីអត្តសញ្ញាណអស់ហើយ និងកំពុងបន្តស៊ើបអង្កេតស្វែងរកឃាត់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាម ។
សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដ៏មានការភ្ញាក់ផ្អើលរវាងរថយន្តនិងម៉ូតូ ម្ចាស់រថយន្តបង្កដែលគេស្គាល់ថា ឈ្មោះ ស៊ុយ សារ៉េត សាស្រ្តាចារ្យសាកលវិទ្យាល័យកម្ពុជា បន្ទាប់ពីបង្កគ្រោះថ្នាក់រួចហើយព្យាយាមបើករត់ តែត្រូវប្រជាពលរដ្ឋ និងជនឱកាសនិយមឆ្លៀតវាយកម្ទេចរថយន្ត និងអ្នកបើកបររបួសយ៉ាងដំណំ ។ ដោយពិនិត្យឃើញស្ថានភាពជំងឺធ្ងន់ធ្ងរ លោកត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម តែពេលនេះពេទ្យបញ្ជាក់ថា មិនប៉ះពាល់ក្បាលខ្លាំងនោះឡើយ។
សមត្ថកិច្ចបានបញ្ជាក់ថាក្នុងហេតុការណ៍នេះគឺ រថយន្តបង្កហេតុដែលបើកដោយ លោក ស៊ុយ សារ៉េត បានបើកបុកគេដំបូងនៅម្តុំវត្តទួលអស់លោក ក្នុងខណ្ឌប្ញស្សីកែវ នៅវេលាម៉ោង ៥ល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវ ២៦១ កែងផ្លូវ១៦០ រវាងរថយន្ត ម៉ាកGS5 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2AP-9719 និងម៉ូតូ១គ្រឿង ម៉ាកឃ្លិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2FM-2402 ហើយបន្តបើករត់គេចតាមផ្លូវ រហូតដល់ម្តុំផ្សារធំថ្មី ជិះ២-៣ជុំនៅម្តុំផ្សារថ្មី ហើយបន្តបើករត់គេចតាមផ្លូវម្តុំផ្សារដេប៉ូ ក៏បានបុកប្រជាពលរដ្ឋតាមផ្លូវផងដែរ ហើយបន្តទៅម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូ ជិះម៉ូតូជិត២០០គ្រឿងតាមទាន់តែម្តង ៕ចេស្តា