បើទោះបីជាខេត្តប៉ៃលិនគ្មានព្រៃឈើធំដុំក៏ដោយ ប៉ុន្តែបទល្មើសនៃការដឹកជញ្ជូនឈើគឺជាប្រភពចំណូលហិរញ្ញវត្ថុដ៏ធំសម្បើមសម្រាប់មន្ត្រីរដ្ឋបាលព្រៃឈើនៅក្នុងខេត្តនេះ ។ មន្ត្រីដែលមានឥទ្ធិពលក្នុងការស្វែងរកផលប្រយោជន៍ខ្លាំងជាងគេនៅក្នុងខេត្តប៉ៃលិន គឺលោក មិន រ៉ាវុធ នាយផ្នែករដ្ឋបាលព្រៃឈើប៉ៃលិន ។ គេរាយការណ៍ថា លោកមិន រ៉ាវុធ អាងខ្នងបង្អែកមន្ត្រីនៅសាលាដំបូងខេត្តដូច្នេះ លោកចង់ធ្វើអ្វីក៏បានដែរ ។
ប្រភពបានរាយការណ៍ថា លោកមិន រ៉ាវុធ ក្រៅពីតួនាទីជាមេព្រៃ លោកក៏ជាមេការឲ្យមន្ត្រីសាលាដំបូងខេត្តប៉ៃលិនម្នាក់ ដែលមានភារកិច្ចដឹកនាំក្រុមទណ្ឌិតឲ្យមកធ្វើរបងជូនមន្ត្រីសាលាដំបូងខេត្តនេះ ។ ដោយសារតែមានតួនាទីជាមេការនោះហើយ ទើបលោកមិន រ៉ាវុធ នៅពេលដែលអនុវត្តការងារជាមន្ត្រីរដ្ឋបាលព្រៃឈើ លោកមិនខ្លាចញញើតនរណាឡើយ ។ គេរាយការណ៍ថា បទល្មើសនៃការដឹកជញ្ជូនឈើឆ្លងកាត់ភូមិសាស្ត្រខេត្តប៉ៃលិន គ្មាននរណាមួយអាចគេចផុតពីកណ្តាប់ដៃលោកមិន រ៉ាវុធ បានឡើយ ។
ថ្មីៗនេះ មានសេចក្តីរាយការណ៍ថា ក្រុមលោក មិន រ៉ាវុធ បានប្រតិបត្តិការចុះចាប់ឈើបានចំនួនជាង៥តោន ។ ប៉ុន្តែនៅព្រឹកថ្ងៃបន្ទាប់ ឈើនោះនៅសល់តែជាង១តោនប៉ុណ្ណោះ ។ ចំណុចនេះហើយដែលធ្វើឲ្យសមត្ថកិច្ចស្ថាប័ននានានៅក្នុងខេត្តនេះខ្លាចរអាលោកមិន រ៉ាវុធ ហើយថា លោកមិន រ៉ាវុធ គឺជាកំពូលមនុស្សខូច ។ នៅពេលធ្វើការ លោកប្រើអំណាច និងឥទ្ធិពលបង្ក្រាបលើសមត្ថកិច្ចដទៃ ។ ករណីនេះ ធ្លាប់បានកើតមានជាញឹកញាប់មកហើយក្នុងការបង្ក្រាបបទល្មើសដែលលោកមិន រ៉ាវុធ ធ្វើដោយអត្តនោម័ត ព្រោះតែអាងខ្នងអំណាច ។ អគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើមិនដែលខ្វល់អំពល់នឹងបញ្ហាមន្ត្រីក្រោមឱវាទប្រព្រឹត្តអំពើមិនគប្បីធ្វើឲ្យពលរដ្ឋក្តៅប្រហាយនោះឡើយ ៕