ព័ត៌មានទាន់ហេតុការណ៍៖

កូនចុងវាយឪពុកចុងមួយដៃ ឪខឹងទាញកាំបិតខ្វែងកាប់វិញ កូនខឹងតដៃចាប់បានវាយរបួសធ្ងន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដោយសារតែការរស់នៅក្នុងគ្រួសារ រវាងកូនចុង និងឪចុង មិនចុះសម្រុងនិងគ្នារហូតឈានទៅដល់ករណីប្រើអំពើហឹង្សា បណ្ដាលឲ្យរងរបួសទាំងសងខាង ចុងក្រោយឪពុកចុងដេកពេទ្យ ចំណែកឯកូនចុងត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

ករណីហិង្សាខាងលើនេះ បានកើតឡើងកាលវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលសៅរ៍ ១៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែមិនា ២០១៨ ស្ថិតនៅចំណុចក្រុម០៣ ភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

យោងតាមប្រភពព័ត៌មានពីមន្រ្តីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បុរសបង្កហេតុ ឈ្មោះ សៀក ពិសិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំខាងលើ និងត្រូវជាកូនចុង បានវាយទៅលើជនរងគ្រោះ ជាឪពុកចុង ឈ្មោះ ហ៊ុយ មេង ភេទប្រុស អាយុ៥៣ឆ្នាំ មួយដៃចំថ្ងាស ។ ភ្លាមនោះឪពុកចុង ក៏បានយកកាំបិតខ្វែដងឈើ កាប់ទៅលើកូនចុងវិញ បណ្តាលឲ្យរងរបួសត្រង់ថ្ងាសខាងស្តាំចំនួន១កាំបិតផងដែរ ប៉ុន្តែត្រូវបុរសបង្កហេតុខឹងចាប់កាំបិតបាន ​ក៏វាយទៅលើឪពុកចុងវិញយ៉ាងចាស់ដៃ បណ្តាលឲ្យរបួសផ្ទៃមុខ ចំភ្នែកខាងស្តាំរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង ។

បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យានៅប៉ុស្ដិ៍នគរបាលស្រុកថ្មគោល ទើបអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ ៕សហការី


ចែករំលែក៖