ប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌឺមៀពូទីន មានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រ នៅទីក្រុងមូស្កូ ក្រោយទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោត ប្រធានាធិបតីកាលពីថ្ងៃទី១៨ ខែមីនា ។
ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានទទួលជ័យជំនៈលើសលប់ នៅក្នុងការបោះឆ្នោត ជួយឲ្យលោកបន្តដឹកនាំរុស្ស៊ី បន្ថែមមួយអាណត្តិ៦ឆ្នាំទៀត ក្នុងពេលដែលរុស្ស៊ី កំពុងតែ ប្រឈមមុខតានតឹង ជាមួយលោកខាងលិច ។
ជ័យជំនៈខាងលើរបស់លោកពូទីន ជួយឲ្យលោកដឹកនាំរុស្ស៊ីបន្តរហូតដល់លោកមានវ័យ៧១ឆ្នាំ ។ កន្លងមកមានតែ អតីតមេដឹកនាំសហភាពស៊ូវៀត លោក Josef Stalin កាន់តំណែងយូរបំផុត ។ លោកពូទីន បានសន្យាថា នៅក្នុងអាណត្តិថ្មីនេះ លោកនឹងបង្កើនសមត្ថភាពការពារ រុស្សីគេចផុតពីការគំរាមកំហែង ពីលោកខាងលិច និង បង្កើនជីវភាពរស់នៅរបស់ពលរដ្ឋ ។
សារព័ត៌មានរ៉យព័រ បានផ្សាយថា មិនខុសអ្វីពីការព្យាករណ៍ឡើយ គណៈកម្មការជាតិរៀបចំការបោះឆ្នោតរុស្ស៊ី បានប្រកាសថា លោកពូទីន ទទួលបានជ័យជំនៈ ដោយមានសំឡេងគាំទ្រ៧៥,៩ភាគរយ ក្នុងចំណោមសន្លឹកឆ្នោត ៧០ភាគរយ ដែលបានរាប់ ។
នៅក្នុងសុន្ទរកថា អបអរជ័យជំនៈ នៅទីលានក្រហម លោកពូទីន បានបញ្ជាក់ថា ជាមួយនឹងសន្លឹកឆ្នោតគាំទ្រ គឺជាទំនុកចិត្ត របស់ពលរដ្ឋ សម្រាប់ រូបលោក ក្នុងរយៈពេលដែលកាន់អំណាច នាពេលកន្លងមក ។ លោកពូទីនបានបញ្ជាក់ថា «ការរក្សា សមគ្គីភាព គឺជារឿងដ៏សំខាន់បំផុត យើងនឹងគិតពីអនាគតប្រទេសជាតិ» ។ ពលរដ្ឋគាំទ្របានស្រែកហ៊ោ ពេញផ្លូវ គាំទ្រ លោកពូទីន ។
លោកពូទីន បានបញ្ជាក់ថា នៅមានឧបសគ្គជាច្រើននៅខាងមុខ ហើយរុស្ស៊ីកំពុងតែមានឱកាសដើម្បីឈានទៅមុខ ។
នៅក្នុងការស្ទងមតិនាពេលកន្លងមក បានបង្ហាញឲ្យឃើញថា លោកទទួលបានការគាំទ្រពីពលរដ្ឋរុស្ស៊ីរហូតដល់ ៨០ភាគរយ ដូច្នេះការទទួលជ័យជំនៈនេះ មិនបង្កឲ្យមានការផ្ញាក់ផ្អើលនោះឡើយ ដោយគេដឹកថា លោក នឹងជាប់ជាប្រធានាធិបតី១០០ភាគរយ ។
គូប្រជែងរបស់លោកពូទីន គឺ បេក្ខភាព Pavel Grudinin មកពីគណបក្សសាធារណរដ្ឋ ទទួលបានសំឡេងគាំទ្រ១៣ភាគរយ និងបេក្ខភាពផ្សេងទៀត ទទួលបានតែ៦ភាគរយប៉ុណ្ណោះ ។
លោកពូទីន អាយុ៦៥ឆ្នាំ បានកាន់អំណាច រុស្ស៊ីក្នុងនាមជាប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី តាំងពីឆ្នាំ២០០០ មកទល់ពេលនេះ ។ លោកត្រូវបានគេចាត់ទុកថា ជាសន្តិសុខស្ថេរភាព រុស្ស៊ី និងពិភពលោកទាំងមូល ។
តាមរដ្ឋធម្មនុញរុស្ស៊ី ប្រធានាធិបតី អាចកាន់តំណែងបានតែពីរអាណត្តិ ប៉ុណ្ណោះ ដូច្នេះ នៅក្នុងពេលបញ្ចប់អាណត្តិ នេះនាឆ្នាំ២០២៤ លោកនឹងបញ្ចប់តំណែង ប្រធានាធិបតី ។ ប៉ុន្តែលោកអាចបន្តកាន់តំណែង ជានាយករដ្ឋមន្ត្រី ដូចដែលបានធ្វើនៅឆ្នំា២០០៨ ក្រោយបញ្ចប់អាណត្តិប្រធានាធិបតី២អាណត្តិ លោកត្រូវបញ្ចប់ ហើយទៅកាន់តំណែងជានាយករដ្ឋមន្ត្រី ក្រោយមកក៏បន្តឈរឈ្មោះប្រធានាធិបតីជាបន្តទៀត ។
ជាមួយនិងជ័យជំនៈខាងលើ ប្រធានាធិបតីចិន លោកស៊ីជីងពីង ជាមេដឹកនាំទី១ បានផ្ញើរសារអបអរសាទរ ទៅកាន់ លោក វ្ល៉ាឌីមៀ ពូទីន ដែលបាន ជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ីអាណត្តិទី៤កាលពីថ្ងៃអាទិត្យ ។ យោងតាមលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន ចេញផ្សាយដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតរុស្ស៊ី លោក ពូទីន ទទួលបានសំឡេងគាំទ្ររហូតដល់៧៦.៦ភាគរយ ។ ប៉ុន្តែក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិលជាច្រើន បានចោទប្រកាន់ថា ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ មិនមានតម្លាភាព និងមានការក្លែងបន្លំ ខណៈមេដឹកនាំបក្សប្រឆាំងលោក Alexei Navalnyត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងការបោះឆ្នោត ។
យ៉ាងណាក៏ដោយ ក្រោយទទួលបានសារអបអរសាទរពីលោក ពូទីន កាលពីថ្ងៃសៅរ៍ បន្ទាប់ពីត្រូវបានសភាចិនបោះឆ្នោតគាំទ្រឲ្យបន្តកាន់តំណែងជាប្រធានាធិបតីចិន លោកស៊ី ជិនពីង ក៏បានផ្ញើសារអបអរសាទរទៅកាន់លោក ពូទីន វិញផងដែរ ។ លោកស៊ី ថែមទាំងបញ្ជាក់ពីភាពរីកចំរើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយថា ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង គួរតែបន្តស្ទុះរីកចំរើនដូចបច្ចុប្បន្ន៕ ម៉ែវ សាធី