ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតាក់ស៊ីក្រហមមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ចំណែរថយន្តរួញមួយកំណាត់មុខទៅមុខលែងរួច ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត២រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ខាងមុខរូបសំណាកក្តាន់ពីរ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតាក់ស៊ីក្រហមមួយគ្រឿងពាក់ស្លាលេខភ្នំពេញ2U-4287ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវពេញទំហឹងបណ្តាលអ្នកបើកបររងបួសធ្ងន់ ហើយត្រូវបានក្រុមអ្នកបើករថយន្តតាក់ស៊ីក្រុមហ៊ុនជាមួយគ្នាយករថយន្តមកដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗផងដែរ ចំណែករថយន្តរងការខូចខាតរួញមួយកំណាត់មុខទៅមុខលែងរួច។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរយករថយន្តស្ទូចរថយន្តបង្កគ្រោះថ្នាក់ទៅរក្សា ទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយសំណងជាក្រោយ ៕ ជ្រោយពេជ្រ