ព័ត៌មានទាន់ហេតុការណ៍៖

ទ្រាំនឹងផ្លូវហុយខ្លាំងមិនបាន ប្រជាពលរដ្ឋនាំគ្នាដុតសំបកកង់ឡាន និងបិទផ្លូវ ព្រោះគ្មានដំណោះស្រាយពីអាជ្ញាធរ

ចែករំលែក៖

ខេត្តតាកែវ៖ នៅព្រឹកវេលាម៉ោង០៨ ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ក្រុមប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាយផ្លូវលេខ១២៩ ហៅប្រឡាយ០១ ដែលមានទីតាំងនៅឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ បាននាំគ្នាបិទផ្លូវ និងដុតសំបកកង់ឡាន ដើម្បីទាមទារឲ្យអាជ្ញាធរស្រុក ក៏ដូចជាអាជ្ញាធរខេត្ត រកដំណោះស្រាយ ពួកគាត់ពិបាកនឹងរស់នៅដោយសារតែមានដីហុយជារៀងរាល់ថ្ងៃ ។

ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា ផ្លូវប្រឡាយ០១ ដែលមានទីតាំងជាប់នឹងស្រុកពីររបស់ខេត្តតាកែវ គឺស្រុកទ្រាំង និងស្រុកបូរីជលសារនេះ ជាផ្លូវដែលមានសភាពហុយខ្លាំង ពោលគឺដោយសារតែផ្លូវប្រឡាយ០១នេះ ជាផ្លូវដែលរថយន្តធំៗ បើកឆ្លងកាត់ជារៀងរាល់ តាំងពីព្រឹករហូតដល់យប់ ព្រោះវាជាផ្លូវចូលទៅច្រកកំពង់អំពិល ដែលជាច្រកទ្វារអន្តរជាតិ នាំទំនិញចេញ ចូល ជាគ្រឿងដែក ស៊ីម៉ង់ត៍ និងទំនិញជាច្រើនប្រភេទ ពីប្រទេសវៀតណាម ដូច្នោះហើយ ទើបមានរថយន្តធំៗ បើកបរដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាយប្រឡាយ០១នេះ ពិបាកទ្រាំនឹងដីហុយទាំងនេះខ្លាំងណាស់ ។

ពួកគាត់ បានឲ្យដឹងទៀតថា អស់រយៈពេលជាង១០ឆ្នាំទៅហើយ ដែលពួកគាត់នៅទ្រាំហិត និងស្រូបយកធូលីដីដែលហុយចូលផ្ទះរបស់ពួកគាត់ ហើយបើសិនជាអាជ្ញាធរខេត្ត និងស្រុក មិនរកដំណោះស្រាយដល់ពួកគាត់នោះទេ នោះបញ្ហាចម្បង គីប្រជាពលរដ្ឋនៅទីនោះ ពិសេសគឺក្មេងៗតែម្តង អាចប្រឈមនឹងជម្ងឺ ដែលនឹងធ្វើឲ្យពួកគាត់រឹតតែពិបាកថែមមួយកម្រិតទៀត ។

លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង លោកណុប នី ប្រធានមន្ទីរសារធារណៈនិងដឹកជញ្ជូនខេត្តតាកែវ រួមជាមួយនឹងមន្រ្តីអាជ្ញាធរស្រុក ឃុំ លោកអធិការស្រុក លោកមេបញ្ជាការស្រុក នៅបានចុះទៅអប់រំណែនាំ និងធ្វើការសម្របសម្រួលជាមួយនឹងប្រជាពលរដ្ឋភ្លាមៗផងដែរ ប៉ុន្តែអ្វីដែលអាជ្ញាធរចុះមកដោះស្រាយនៅពេលនេះ គឺគ្រាន់តែឲ្យរថយន្តពន្លាត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តតាកែវ បាញ់ទឹកតាមបណ្តាយផ្លូវប្រឡាយ០១នេះ កុំឲ្យហុយបានតែមួយគ្រាប៉ុណ្ណោះ ខណៈដែលការចង់បានរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះ គឺចង់បានផ្លូវមួយនេះ ជាផ្លូវចាក់កៅស៊ូ ព្រោះបើកាលណាចាក់កៅស៊ូហើយ នឹងលែងមានដីហុយធ្វើឲ្យពួកគាត់ពិបាកទៀតហើយ ៕ ភ្នំដា


ចែករំលែក៖