ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូចេញពីផ្សារត្រឡប់ទៅផ្ទះ ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់កាបូបបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្រ្តីរងគ្រោះបានស្រែកឆោឡោថាចោរៗ ខណៈដែរប្តីប្រពន្ធមួយគូ រួមដំណើរជាមួយកូនប្រុសស្រី២នាក់ ជិះម៉ូតូ២គ្រឿងចេញពីផ្សារក្នុងគោលបំណងត្រឡប់ទៅផ្ទះ ស្រាប់តែត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់កាបូបបានសម្រេច កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាលាហេឡូ អាមេរិចកាំង តាមបណ្តោយផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះជាប្រពន្ធមានឈ្មោះ សុង សុខជា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូ ស្នាក់នៅម្តុំកើតហេតុខាង លើមានស្រុកកំណើតនៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទ្រព្យសម្បត្តិដែលត្រូវបង់បាត់ រួមមាន លុយខែ្មរជិត២លានរៀល និងទូសព្ទដៃម៉ាកIPhone 5 ចំនួន២គ្រឿង និងកាតគ្រីម៉ូតូវ៉េវចំនួន១សន្លឹកផងដែរ។

តាមសម្តីជនរងគ្រោះជាប្រពន្ធ បានឲ្យដឹងថា មុនពេលកើតរូបគាត់បានជិះម៉ូតូមួយគ្រឿង បានកូនស្រីម្នាក់ពីក្រោយ ចំណែកប្តីរបស់គាត់បានជិះមូតូមួយគ្រឿងទៀត និងបានជិះឌុបកូនប្រុសម្នាក់នៅពីក្រោយ ដោយធ្វើដំណើរជិះចេញពីផ្ទះទៅទិញបន្លែនិងផ្លែឈើនៅផ្សារយូណាយ ។ បន្ទាប់ពីទិញទំនិញរួចរាល់ហើយ ក៏នាំគ្នាត្រឡប់ទៅផ្ទះវិញ ដោយជិះម៉ូតូ២គ្រឿងទន្ទឹមគ្នា ក្នុងទិសដៅពីត្បូងទៅជើង លុះជិះមកដល់ចំណុចកើតហេតុខាងលើ ជិតដល់ផ្ទះទៅហើយ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូ២គ្រឿង ១គ្រឿងម៉ាកហុងឌ្រី សេ១២៥ ស៊េរី០៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ និងមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ីគីនីច ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខដូចគ្នា បានជិះមកពីក្រោយ បានធ្វើសកម្មភាពឆក់កាបូបដែលរូបគាត់ដាក់នៅលើរានម៉ូតូខាងមុខនិងដាក់បន្លែសង្កត់ពីលើកាបូប បានសម្រេចរួចនាំជិះគេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយកើតហេតុជនរងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្តេឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់៣ ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕ ស តារា

 


ចែករំលែក៖