ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ ត្រូវក្រុមចោរឆក់កាបូបស្ពាយបានសម្រេច ដួលម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់រហូតដល់សន្លប់ស្តូកស្ដឹង ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលរូបគាត់កំពុងជិះម៉ូតូតែម្នាក់ឯង ស្រាប់តែត្រូវចោរមួយក្រុមធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច ហើយនាំគ្នាជិះគេចខ្លួនបាត់ស្រមោល បណ្ដាលឲ្យស្ត្រីរងគ្រោះដួលបោកទៅនឹងថ្នល់តែម្តង ។

ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចជិតខារ៉ាអូខេយីហោX2 តាមបណ្ដោយផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះមិនត្រូវបានស្គាល់អតសញ្ញាណទេដោយសារតែរងរបួសសន្លប់ស្ដូកស្ដឹងត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ និងជិះម៉ូតូម៉ាកគុបជ្រង ពណ៍ទឹកសមុទ្យ ពាក់ស្លាកលេខ កំពង់ស្ពឺ1A-2156 ។

តាមប្រភពព័ត៍មានពីសាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្រ្តីរងគ្រោះជិះម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៤ ក្នុងទិសដៅពីកើតទៅលិច លុះជិះមកដល់ចំណុចកើត ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿង មានគ្នា៦នាក់ ក្នុងនោះមានម៉ូតូហុងដាឌ្រីមមួយគ្រឿង (ដែលធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះ)និងម៉ូតូ២គ្រឿងទៀតជាអ្នកបិទគូថមិនចាំម៉ាក ។

ប្រភពដដែរ បានបន្តទៀតថា ក្រោយជនសង្ស័យធ្វើសកម្មភាពឆក់បានសម្រេចហើយ ពួកគេនាំគ្នាជិះគេចខ្លួនបាត់អស់ ចំណែកស្ត្រីរងគ្រោះដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងតែម្ដង ។

ក្រោយកើតហេតុស្រ្តីរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ចំណែកមូ៉តូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌដូនពេញ ដើម្បីប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះវិញ ៕ស តារា


ចែករំលែក៖