ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តវីហ្គូលបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ហើយត្រូវបានរថយន្តម៉ាកតូយូតា វីហ្គូលមួយគ្រឿង បើកបរមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងចំពីចហៀងពេញទំហឹង បណ្ដាលឲ្បុបុរស២នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង៨ នឹង២០នាទីយប់ថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៦៦ កែងនឹងផ្លូវលេខ៣១៣ ក្នុងសង្កាត់បឹងកក់២ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

‎តាមសម្តីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុនោះ គាត់សង្កេតឃើញរថយន្តម៉ាកតូយូតា វីហ្គូលមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE-5779 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៦៦ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CY-9228 ដែលជិះគ្នាពីរនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១៣ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន ហើយជិះឆ្លងកាត់ផ្លូវកើតហេតុខាងលើ ក៏ត្រូវរថយន្តបង្ក បុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យបុរសពីរនាក់ភាគីខាងម៉ូតូរងរបួសធ្ងន់ទាំងពីរនាក់តែម្តង ។ ដោយឡែកម៉ូតូរងការខូចខាតពីចំហៀង ហើយរថយន្តបង្ក ក៏រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ ។

ភ្លាមនោះភាគីខាងម្ចាស់រថយន្តបង្កបានបើកទ្វាគេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។ ចំណែកជនរងគ្រោះទាំង២នាក់ដែលរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ មកដឹកយកទៅមន្ទីពេទ្យឯកជនភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានដែលទទួលផ្នែកចរាចរណ៍បានចុះមកធ្វើការវាស់វែង រថយន្តបង្ក និងម៉ូតូរងគ្រោះ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រងចាំភាគីទាំងពីចូលខ្លួនដោះស្រាយគ្នាតាមក្រោយ ៕ស តារា


ចែករំលែក៖