ខេត្តព្រះសីហនុ: កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួន ជនសង្ស័យជាស្ត្រីម្នាក់បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់ ពីបទក្បត់ទំនុកចិត្ត ។
ការឃាត់ខ្លួន ជនសង្ស័យជាស្ត្រីខាងលើនេះ បានប្រព្រឹត្តទៅ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃចន្ទ ៣ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ។
មន្រី្តកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះឈ្មោះ សាយ សុគន្ធា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិកដេប៉ូគិត ប៊ុន ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះគិត ប៊ុន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរម្ចាស់ដេប៉ូ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (កិបកេងប្រាក់) របស់ក្រុមហ៊ុនអស់ប្រាក់ចំនួន១៣,០០០ដុល្លារ កាលពីខែកុម្ភ: ឆ្នាំ២០១៨កន្លងទៅនេះ តមារយៈប្រមូលលុយបានមិនយកទៅសងក្រុមហ៊ុន ។
បច្ចុប្បន្នស្រី្តរូបនេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមច្បាប់ ៕ សហការី