ខេត្តកំពង់ធំ៖ មកដល់ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ អាថ៌កំបាំង ទាំងឡាយ ពាក់ព័ន្ធនឹងម្ចាស់សណ្ឋាគារស្ទឹងសែន ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំជាមួយនឹងសមត្ថកិច្ចសហការបិទបាំងព័ត៌មាន រឿងជនជាតិបរទេស(ជាជនជាតិឥណ្ឌា) ម្នាក់បានស្លាប់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោង០០,៥០នាទី រំលងអធ្រាត្រ បន្ទប់លេខ១០៩ ត្រូវបានលាតត្រដាង ។
សមត្ថកិច្ចបានឲ្យដឹងថា សណ្ឋាគាររបស់លោកញឹក បានខេង អភិបាលរងខេត្តកំពង់ធំ ពាក់ព័ន្ធនឹង ជនជាតិបរទេស(ជាជនជាតិឥណ្ឌា)ម្នាក់បានស្លាប់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៨វេលាម៉ោង០០,៥០នាទី រំលងអធ្រាត្រ បន្ទប់លេខ១០៩ ក្នុងភូមិទី១ សង្កាត់ កំពង់ធំ ក្រុងស្ទឹងសែន ។ សពមានឈ្មោះ ប៉ាថា សារ៉ាធីហ្កូភីណាត ភេទប្រុស ថ្ងៃខែឆ្នាំកំណើត១៧-០៩-១៩៦៨(ជាជនជាតិឥណ្ឌា) មុខរបរនាយកក្រុមហ៊ុន ស្រីគ្រឹស្នា (លក់ថ្នាំពេទ្យ) មានទីតាំងនៅភ្នំពេញ។
បន្ទាប់មកបុគ្គលិកក្រុមហ៊ុន ចំនួន២នាក់មានឈ្មោះ ម៉ាហែស ភេទប្រុស ជាជនជាតិឥណ្ឌា និងឈ្មោះបុល ភេទ ប្រុស ជាជនជាតិខ្មែរ បាននាំសាកសព ចេញពីសណ្ឋាគារ ទៅកាន់ មន្ទីរពេទ្យ៥១៥ និងបានជួលរថយន្តពេទ្យ៥១៥ ដឹកសាកសព ទៅភ្នំពេញទាំងយប់ ដោយមិនបានរាយការណ៍ ជូនសមត្ថកិច្ចឡើយ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបានបញ្ជាក់ថា ចំពោះករណីជនជាតិឥណ្ឌាស្លាប់ គឺជាជំងឺគាំងបេះដូងស្លាប់ទេ មិនមានអាថកំបាំងនោះឡើយ។
លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានផ្ដល់បទសម្ភាសថា ការពិតភ្ញៀវពិតជាបានមកសម្រាកនៅសណ្ឋាគារ ស្ទឹងសែន ពិតមែន តែក្នុងពេលភ្ញៀវមិនស្រួលខ្លួន ក៏មានបុគ្គលិក គាត់២នាក់បានយកចេញទៅពេទ្យ ៥១៥ ផុតទៅហើយ ដោយពុំដឹងថា មានជំងឺអ្វីនោះទេ តែបើសិនជាស្លាប់នៅក្នុងសណ្ឋាគារមែននោះ ម្ល៉េះនឹងមានសមត្ថកិច្ច មកធ្វើកុសល្យវិច័យ និងមានបងប្អូនសពមកតវ៉ានៅសណ្ឋាគារហើយ ៕ ប៊ុន រិទ្ធី