ព័ត៌មានទាន់ហេតុការណ៍៖

ចាស់ហើយនៅឆោតចាញ់ល្បិចក្រុមទម្លាក់យោងអស់គ្រឿងអល័ង្កាទ្រព្យសម្បត្តិពីខ្លួនរលីង

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់រួមជាមួយកូនតូចម្នាក់ រត់ទាំងត្រហេបត្រហបទៅប្តឹងនគរបាលប៉ុស្តិ៍បាក់ខែង ខណ្ឌជ្រោយចង្វា បន្ទាប់ពីចាញ់ល្បិចក្រុមទម្លាក់យោងល្បួងនាំជិះរថយន្តទំនើប ហើយធ្វើសកម្មភាពដោះដូរបានមកវិញគ្រាប់សំណរ មួយកូនថង់ទុកគ្រាន់បង្អួតប្តី កាលពីម៉ោងជាង៨ព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងចំការចេក ភូមិព្រែកតាប៉ែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ជាប់ព្រំប្រទល់ជាមួយ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ក្រោយពីសាកសួររឿងអង្គហេតុកើតឡើងនៅក្នុងទឹកដីស្រុកមុខកំពូល ទើបនគរបាលប្រាប់ឲ្យទៅដាក់ពាក្យបណ្តឹងនៅខាងស្រុកមុខកំពូលវិញ ។

ស្រ្តីរងគ្រោះឈ្មោះ លី ឆយុី អាយុ២៥ឆ្នាំ មុខរបរមេផ្ទះ មានកូនស្រីម្នាក់ អាយុ២ខួប រស់នៅក្នុងភូមិ ព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ចំណែកសម្ភារៈបាត់បង់បានខ្សែកមាសទម្ងន់៥ជី ខ្សែដៃមាសទម្ងន់៥ជី ជិញ្ចៀន២វង់ ស្មើ៤ជីមាស លុយ១០០ដុល្លារ និងទូរស័ព្ទដៃម៉ាកOPPOមួយគ្រឿង ដែលទើបនឹងទិញយកមកទុកលេងហ្វេសប៊ុកបាន៣ថ្ងៃ ។

តាមការរៀបរាប់ពីស្រ្តីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុខ្លួន២នាក់កូនស្រីមកផ្សារព្រែកអញ្ចាញ ស្ថិតនៅក្នុងភូមិព្រែកអញ្ចាញក្រោម ឃុំព្រែកអញ្ចាញ ដើម្បីរកទិញម្ហូប ខណៈដែលដើរចូលផ្សារទិញម្ហូបរួចហើយ ក៏បានពរកូនស្រីចេញពីផ្សារវិញ បានបន្តិចមានស្រ្តីម្នាក់ដើរមកសួរ មានឃើញកាបូបមួយអត់ មានគេជ្រុះបាត់ ក្នុងនោះ មានមាសនិងលុយច្រើន ទោះជាឆ្លើយថា មិនដឹង មិនឃើញ ត្រូវបានស្រ្តីម្នាក់ដើរមកក្បែរហើយពោលថា កុំមាត់មានបុរសម្នាក់គេរើសបានហាមប្រាប់អ្នកណាឲ្យដឹង រង់ចាំយកទៅចែកគ្នា គ្រាន់តែលាស្រាយមើលក្នុងនោះមានគ្រឿងលោហៈធាតុក្រហម និងលុយដុល្លារពេញកាបូប រួចនាំនាងដើរចេញមកក្រៅបបួលនាំឡើងជិះតាមរថយន្តហ្វតមួយគ្រឿង ដោយ២នាក់ម្តាយកូនជិះបាំងខាងក្រោយ ជាមួយស្រ្តីសង្ស័យ២នាក់ នាំគ្នាធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ពីកើតទៅលិច ជិះបណ្តើរលាមាត់ថង់ឲ្យមើលបណ្តើរ ភ្លេចខ្លួនហុចថង់មួយឲ្យនាង កាន់រួចដោះយកគ្រឿងអល័ង្កាទ្រព្យសម្បត្តិអស់ពីខ្លួន លុះដល់ចំណុចភូមិព្រែកតាប៉ែន ឃុំព្រែកអញ្ចាញបត់ចូលក្នុងព្រៃចំការចេកមួយកន្លែង ក្បែរស្ពានលេខទី១២ ផ្លូវលេខ៦ ទើបឲ្យចុះដោយប្រាប់ថា រង់ចាំនៅទីនេះ រួមជាមួយស្រ្តីម្នាក់ ហើយជនសង្ស័យប្រុស៣នាក់ ស្រីម្នាក់ជិះរថយន្តចេញទៅបាត់ដោយប្រាប់ថា កុំឲ្យខ្ចរខ្ចាយយកមាសទៅដូរទុកចែកគ្នាចេញបាត់អស់មួយសន្ធុះ ទើបស្រ្តីជនសង្ស័យម្នាក់ទៀតចេញទៅដែរ ដោយប្រាប់ថា ទៅតាមមើល ដូរលុយ មាសអ្វីក៏យូរម្លេះ បែរជាទៅបាត់រហូតយូរពេលហេតុអ្វីមិនឃើញពួកគេមកវិញសោះ គ្រាន់តែលាស្រាយមាត់ថង់ មើលពុទ្ធោ ខាងក្នុងសុទ្ធតែគ្រាប់សំណរ ទើបដឹងថាចាញ់បោកគេហើយដើរចេញមកក្រៅ ហៅម៉ូតូឌុបជិះទៅប្តឹងនៅប៉ុស្តិ៍បាក់ខែង ។

ក៏ប៉ុន្តែរឿងរ៉ាវក្រោយពីសមត្ថកិច្ចសាកសួរទៅមិនមែនកើតនៅក្នុងភូមិសាស្រ្ត សង្កាត់បាក់ខែង គ្រាន់តែព្រំប្រទល់ជាប់គ្នាទើបនគរបាលប្រាប់ឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកអញ្ចាញ ស្រុកមុខកំពូលវិញ ៕ ជ្រោយពេជ្រ


ចែករំលែក៖