ប្រធានាធិបតីចិនលោកស៊ី ជីនពីង នៅថ្ងៃទី ២០ខែមីនា បានប្រកាសថានឹងការពារច្បាប់«ចិនតែមួយ» ។ ជាមួយគ្នា នោះលោកក៏បានបញ្ជាក់ថា ទីក្រុងប៉េកាំង មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយ។
លោកស៊ី ជីនពីង បានប្រកាសនៅក្នុងពិធីបិទមហាសន្និបាតប្រជាជន ទូទាំង ប្រទេស ថា« យើងបានប្តេជ្ញាតស៊ូប្រឆាំង នឹងសត្រូវ មិនខ្លាចបង្ហូរឈាម ។ យើង បានប្តេជ្ញារក្សាតំណែង ដ៏សមស្របនៅ លើពិភពលោក»។
ប្រធានាធិបតីចិនបានប្រកាសថា លោកនឹងមិនបន្ធូបន្ថយឲ្យបាត់បង់ទឹកដីមួយតឹកណាឡើយ ។ទន្ទឹមនឹងនោះលោកក៏បាន អំពាវនាវការពារដែនអធិបតេយ្យភាពចិន និងបង្កើនកម្លាំងយោធាកាន់តែខ្លាំងឡើង។ នៅពេលនេះដែរ លោក ស៊ីជីងពីនក៏បាន រំលឹកឡើងពីបញ្ហាកោះតៃវ៉ាន់ និងហុងកុង ក៏ដូចជាការរក្សាច្បាប់ចិនតែមួយ។
ប្រធានាធិបតីចិន បានបញ្ជាក់ថា « កោះតៃវ៉ាន់ នឹងត្រូវប្រឈមមុខនឹង ការ ដាក់ទណ្ឌកម្មជាប្រវត្តិសាស្ត្រ ប្រសិន បើទាមទារឯករាជ្យនោះ។ ទីក្រុងប៉េកាំង ចង់ឲ្យមានសន្តិភាព ឯកភាពជាតិ ដើម្បីឲ្យពលរដ្ឋកោះតៃវ៉ាន់ទទួលបានផលប្រយោជន៍ជាច្រើនទៀត ។
ពាក់ព័ន្ធនឹងស្ថានភាពកោះតៃវ៉ាន់ សារ ព័ត៌មានរដ្ឋចិន Global Times បាននិយាយ ថា រដ្ឋាភិបាលចិនហ្នឹងហើយត្រូវតែចាត់ វិធានការឆ្លើយតបចំពោះសហរដ្ឋអាមេរិក តាមរយៈការដាក់សម្ពាធយោធា បន្ទាប់ ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើ «ច្បាប់ធ្វើដំណើរតៃវ៉ាន់» ដែលនឹងជំរុញឱ្យ មន្ត្រីអាមេរិក និងតៃវ៉ាន់ ផ្លាស់ប្ដូរទស្សនកិច្ច ទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃ អង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។
នៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន ចេញ ផ្សាយកាលពីថ្ងៃអាទិត្យ Global Times បានព្រមានយ៉ាងដូច្នេះថា «ចិនប្រាកដជានឹងចាត់វិធានការឱ្យបានទាន់ពេលវេលា ប្រឆាំងនឹងសហរដ្ឋអាមេរិក និងរាល់កង កម្លាំងផ្ដាច់ខ្លួនតៃវ៉ាន់ទាំងអស់ តាមមធ្យោ បាយការទូត និងយោធា បើសិនជាសភា អាមេរិក យល់ព្រមឱ្យមានទំនាក់ទំនងកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិក នឹងកោះតៃ វ៉ាន់ត្រូវអនុវត្ត»។ បន្ថែមពីលើនេះ អតីត ឧត្ដសេនីយ៍ចិន លោក ស៊ូ ក្វាងយូ (Xu Guangyu) បានបញ្ជាក់ថា ច្បាប់ធ្វើដំណើរ តៃវ៉ាន់ គឺជាការបង្ករឿងយ៉ាងធ្ងន់ធ្ងរ ហើយ បាន រំលោភលើបន្ទាត់ក្រហមនៃគោលនយោបាយចិនតែមួយ ដែលនេះអាចនឹង បំផ្លាញដល់ទំនាក់ទំនង រវាងកោះតៃវ៉ាន់ នឹងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី មួយ ហើយវាក៏នឹងមិនក្លាយជាលើកចុងក្រោយដែរ ដែលចិនព្រមានចាត់វិធានការលើតៃវ៉ាន់ និងសហរដ្ឋអាមេរិក។ សម្រាប់ ចិន តៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ខ្លួន ប៉ុណ្ណោះ ព្រមទាំងធ្លាប់បានប្រកាសជា សាធារណៈ ជាច្រើនដងថា នឹងប្រើប្រាស់កម្លាំងយោធាវាយប្រហារលើតៃវ៉ាន់ បើសិន ជាទីក្រុងតៃប៉ិ ហ៊ានប្រកាសផ្ដាច់ខ្លួនចេញពីចិនដីគោក៕ ម៉ែវ សាធី