ព័ត៌មានទាន់ហេតុការណ៍៖

ស៊ូ ស៊ីរីកាថានៅនឹងអាល័យម្តាយដែលមរណភាព

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងស្រីប្រចាំផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរីកា បានបង្ហាញមុខក្នុងកម្មវិធីថតអបអរចូលឆ្នាំថ្មីប្រពៃណីខ្មែរ របស់ទូរទស្សន៍ CTN ។ ទោះជាយ៉ាងណា នាងនៅតែមានអារម្មណ៍ក្រៀមក្រោះដដែល បើទោះបីជាម្តាយទទួលមរណភាពមួយខែកន្លងមកហើយក្តី ព្រោះតែម្តាយនាងធ្លាប់បានលើកកម្លាំងចិត្តឲ្យនាងប្រឡូកក្នុងសិល្បៈនោះ ។

ស៊ូ ស៊ីរីកា ត្រូវបានមហាជនជាច្រើនស្គាល់នាងតាមរយៈការប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកមួយ តែមិនទទួលបានជ័យលាភីទេ ហើយមួយវិញទៀត គឺគេតែងសង្កេតឃើញថា តារាវ័យ២៣ឆ្នាំរូបនេះ និយមបកស្រាយបទចម្រៀងជាភាសាអង់គ្លេសបានល្អមិនចាញ់តារារៀមច្បងប៉ុន្មានឡើយ ។

នាងបានចូលច្រៀងក្នុងផលិតកម្មថោនកាលពីអំឡុងចុងឆ្នាំ២០១៥ ប៉ុន្តែនាងទទួលបានការចាប់អារម្មណ៍ច្រើនជាមួយបទចម្រៀងជាច្រើន និងក្រោយពីការយកចិត្តទុកដាក់ខ្ពស់ពីផលិតកម្ម ។

កញ្ញាស៊ូ ស៊ីរីកា បានលើកឡើងថា នាងទើបតែវិលរកការងារសិល្បៈវិញ ហើយអារម្មណ៍នៅតែនឹករលឹកអ្នកម្តាយដដែល ព្រោះតែកន្លងមក ទោះទៅទីជិតឆ្ងាយ ក៏ម្តាយតាមកៀកកិតជិតខ្លួនជានិច្ច។

នាងថា នាងនៅមិនទាន់ទទួលការងារសិល្បៈច្រើននៅឡើយទេ ព្រោះតែការងារផ្ទាល់ខ្លួនរវល់ច្រើន។ ទោះជាយ៉ាងណា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះដែរ នាងបានបញ្ចេញបទចម្រៀងប្រមាណ៥បទ ដែលមានទាំងបទថ្មី បទមរតកដើម និងបទឆ្លើយឆ្លងជាមួយតារាចម្រៀងលោក ម៉ៅ ហាជីជាដើម ។

នាងថា ក្រោយបញ្ចប់ឱកាសចូលឆ្នាំថ្មីនេះដែរ នាងក៏ត្រៀមបញ្ចេញបទចម្រៀងថ្មីទាំងមនោសញ្ចេតនា និងបទញាក់កន្ត្រាក់អារម្មណ៍ជាថ្មី ដើម្បីបន្តការងារសិល្បៈឲ្យកាន់តែល្អ ។

ម្ចាស់បទ “ស្រឡាញ់បងលើសហើយ” រូបនេះ បានបង្ហាញអារម្មណ៍សោកស្តាយគ្រាដែលការងារសិល្បៈកំពុងតែរីកចម្រើន ប៉ុន្តែបាត់រូបអ្នកម្តាយដែលធ្លាប់ជំរុញលើកទឹកចិត្តឲ្យនាងប្រឡូកក្នុងអាជីពសិល្បៈ និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ៕ វឌ្ឍនា


ចែករំលែក៖