ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ វ៉លពេញខេត្តប៉ៃលិនរឿង​បាត់ឈើ​

ចែករំលែក៖

ប៉ុន្មានថ្ងៃមុននេះ សមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ដឹកនាំដោយរដ្ឋបាលព្រៃឈើ​ ក្រោមកិច្ចសហការ​ជាមួយ​កម្លាំងមានសមត្ថកិច្ចបានបង្ក្រាបឈើ​ប្រណីត​សរុបទម្ងន់ជាង៥តោន ហើយប្រគល់ឲ្យលោក មិន រ៉ាវុធ នាយផ្នែករដ្ឋបាលព្រៃឈើប៉ៃលិន ជាអ្នកថែរក្សា ។ ប៉ុន្តែនៅថ្ងៃបន្ទាប់ ពោលគឺមួយយប់ក្រោយមក ឈើទាំងនោះនៅសល់តែជាង១តោនប៉ុណ្ណោះ ។ បន្ទាប់ពីសារព័ត៌មានចុះផ្សាយរឿងនេះ ធ្វើឲ្យរជើបរំជួលពេញខេត្តប៉ៃលិន ហើយ​អាជ្ញាធរខេត្តបាននិងកំពុងស្នើឲ្យរដ្ឋបាលព្រៃឈើ​ស្រាវជ្រាវរឿងនេះឡើងវិញ ។

បើតាមប្រភពពីសមត្ថកិច្ច​ចូលរួមក្នុងប្រតិបត្តិការនេះអះអាងថា បញ្ហាស្ថិតនៅលើរដ្ឋបាលព្រៃឈើ ដែលជាអ្នកថែរក្សា ពីព្រោះជាសមត្ថកិច្ចផ្ទាល់ ។ មានន័យថា រឿងបាត់ឈើ​ស្ថិតនៅក្រោមការទទួលខុសត្រូវរបស់លោក មិន រ៉ាវុធ នាយផ្នែករដ្ឋបាលព្រៃឈើប៉ៃលិន ។ រីឯសមត្ថកិច្ចដទៃ គ្រាន់តែចូលរួមដើម្បីជាកម្លាំង នៅគ្រាដែលគេដឹងថា រដ្ឋបាលព្រៃឈើមិនមានកម្លាំងប្រដាប់អាវុធគ្រប់គ្រាន់ដើម្បីបង្ក្រាបបទល្មើសនោះ ។ គេនិយាយថា លោកមិន រ៉ាវុធ ជារឿយៗតែងតែធ្វើដូច្នេះ ប៉ុន្តែកន្លងមក ការបាត់បង់វត្ថុតាង ជួនកាលតិច ជួនកាលច្រើន ហើយពេលខ្លះមិនបានដឹងឮដល់ប្រព័ន្ធផ្សព្វផ្សាយ ។

លោកមិន រ៉ាវុធ ត្រូវ​ក្រុមមន្ត្រីរាជការខេត្តប៉ៃលិនអះអាងថា គាត់អាងអំណាចមន្ត្រីនៅសាលាដំបូងខេត្តម្នាក់ ដែលជារឿយៗប្រតិបត្តិការកន្លងមក ស្ទើរតែមិនរកកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចដទៃឡើយ ។ ជួនកាលគាត់​បង្ក្រាបបទល្មើសអ្វីមួយ គ្រាន់តែយកឈ្មោះមន្ត្រី​ថ្នាក់ដឹកនាំសាលាដំបូងខេត្តទៅគំរាមគេឯង ហើយប្រព្រឹត្តអំពើមិនគប្បីជាច្រើន ។ ករណីនៃការបាត់ឈើ​នោះជាភស្តុតាងមួយបញ្ជាក់ថា លោកមិន រ៉ាវុធ ជាអ្នកពាក់ព័ន្ធដោយផ្ទាល់ក្នុងការ​មានចេតនា ធ្វើឲ្យបាត់ ពីព្រោះជារឿយៗលោកតែងតែបង្កឲ្យមានបញ្ហាយ៉ាងដូច្នេះ ។ សមត្ថកិច្ចនានាក៏ដូចជាមន្ត្រីរាជការក្នុងខេត្តប៉ៃលិន រំពឹងថា អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ នឹងពិនិត្យករណីបុគ្គលមិន រ៉ាវុធនេះឡើងវិញ ៕


ចែករំលែក៖