ភ្នំពេញ៖ នារីម្នាក់បានផឹកស្រាស្រវឹង បើករថយន្តមកឈប់ដេកកណ្ដាលផ្លូវ ក៏ត្រូវបានសមត្ថកិច្ចចុះទៅមើលនិងមានទាំងអ្នកសារព័ត៌មានចុះទៅថតផ្ដិតយករូបភាពទៀតផង តែពេលនារីរូបនោះដឹងខ្លួន បានចុះមកចាប់យកទូរស័ព្ទបោកចោល បណ្ដាលខូចខាត រួមទាំងទះមុខអ្នកសារព័ត៌មាន២-៣កំភ្លៀង រងរបួសបែកមាត់ ។
ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១០ និង៣៥នាទីយប់ ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១១០ កែងនិងផ្លូវលេខ៦១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យុវជនម្នាក់ ដែលត្រូវនារីម្នាក់ចាប់ទូរសព្ទបោកចោល និងទះកំភ្លៀងខាងលើមានឈ្មោះ ឥន្ធ សាន់សុីដេត ដែលជាអ្នកយកព័ត៌មាននៅស្ថានីយទូរទស្សន៍ ហង្សមាស ប្រចាំខណ្ឌដូនពេញ ។ ចំណែកនារីជាអ្នកបង្ក ពុំស្គាល់អត្តសញ្ញាណនោះទេ ដោយជិះរថយន្តទំនើបម៉ាក លុចសុីសLX 470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-8783 ។
តាមសម្ដីស្ត្រីម្នាក់ ដែលរស់នៅក្បែកន្លែងកើតហេតុ និងឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ នារីបង្កហេតុខាងលើ បានបើករថយន្តលុចសុីសLX470 មកដេកក្នុងរថយន្តរបស់ខ្លួនទាំងស្ថានភាពស្រវឹងស្រា នៅលើដងផ្លូវលេខ១១០ ។ ក្នុងអំឡុងពេលនោះ ក៏មានប្រជាពលរដ្ឋរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋាន ហើយភ្លាមនោះ សមត្ថកិច្ចក៏មូលដ្ឋានបានចុះដល់កន្លែងកើតហេតុ រួមមានអ្នកសារព័ត៌មានខាងលើមកជាមួយផង ដោយសមត្ថកិច្ចបានទៅគោះទ្វារថយន្តដើម្បីដាស់នារីក្នុងរថយន្តខាងលើ ចំណែកអ្នកសារព័ត៌មាននៅស្ថានីយទូរទស្សន៍ហង្សមាស ជាអ្នកថតសកម្មភាពខាងលើ ។ ភ្លាមនោះ នារីជាម្ចាស់រថយន្តខាងលើ បានចុះដើរទៅឲ្យអ្នកសារព័ត៌មានខាងលើ លុបរូបភាព ដោយមិនដឹងជាយ៉ាងមិច ស្រាប់តែនារីខាងលើចាប់យកទូរសព្ទអ្នកសារព័ត៌មានបោកចោល បណ្ដាលឲ្យរងការខូចខាត រួមទាំងទះកំភ្លៀងអ្នកសារព័ត៌មាន២-៣កំភ្លៀង រងរបួសបែកមុខមាត់តិចតួច ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងនាំខ្លួននារីជាម្ចាស់រថយន្តខាងលើ និងយុវជនរងគ្រោះ យកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីសួរនាំរកហេតុផង រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ស តារា