ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនស្រវឹងបើករថយន្តបុកគូទរថយន្តមួយគ្រឿងទៀតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសារតែបុរសជនជាតិចិនម្នាក់ស្រវឹងបើកបើកបររថយន្តមួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុកគូទរថយន្តហុីយាន់ដាយពីក្រោយ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃអង្គារ ៤កើតខែចេត្រ នព្វស័ក ពស២៥៦១ ត្រូវនិង ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខផ្សារសុភាកមង្គល តាមបណ្តោយផ្លូវបេតុង៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក ហុីយាន់ដាយ ពណ៌ស ជាប្រភេទរថយន្តសណ្តោងដឹកធ្យុងថ្ម ពាក់ស្លាកលេខ ភ្នំពេញ3D-2037 បើកបរបុរសម្នាក់និងព្រូម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង៣០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ក៏បានឈប់រថយន្តអែបទៅចិញ្ចើមផ្លូវ រួចក៏ចុះទៅនោម ស្រាប់តែមួយសន្ទុះក្រោយមក មានរថយន្តមួយគ្រឿងទៀតម៉ាក តូយូតាស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AQ-7908 ដែលបើកបរដោយបុរសជាជនជាតិចិនម្នាក់ ក្នុងស្ថានភាពស្រវឹងជោគជាំ ក្នុងល្បឿនយ៉ាងលឿន មកពីក្រោយ ក៏ជ្រុលទៅបុកគូទពេញទំហឹង បណ្តាលឲ្យរថយន្តសណ្តោងធន់ធំរងការខូចខាតបន្តិចបន្តួច ចំណែកឯរថយន្តបង្ករងការខូចខាតក្រពឹកផ្នែកខាងមុខ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុភាគីទាំងពីរ មិនចង់មានរឿងវែងឆ្ងាយ ក៏ព្រមយករថយន្តទៅជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ សុខាសែនជ័យ


ចែករំលែក៖