ភ្នំពេញ៖ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី កាលពីវេលាម៉ោង២រសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ តាមបណ្ដោលផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ សមត្ថកិច្ចបានបន្ដប្រតិបត្តិការចាប់ជនជាតិវៀតណាម ដែលចូលមកធ្វើការ និងស្នាក់នៅដោយគ្មានច្បាប់អនុញ្ញាត ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើនៅចំណុចខាងលើ ផ្លូវលេខ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាន បញ្ជាក់ថា បន្ទាប់ពីបញ្ចប់ប្រតិបត្តិការជនជាតិវៀតណាមខាងលើ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដនីតិវិធី ៕ ស រស្មី