ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ០៧ និង៣០នាទី ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅការដ្ឋានសំណង់មួយកន្លែងស្ថិតក្នុង ភូមិ០១ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សាដោយចេតនាបង្ករឡើងដោយ ជនសង្ស័យជាជនជាតិចិនឈ្មោះLIN ZHI YONG ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរម៉ៅការសំណង់ស្នាក់នៅផ្ទះជួលបណ្តោះអាសន្ន ភូមិ០១ សង្កាត់លេខ០៤ ក្រុង.ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ LIN ZHIMIN ភេទប្រុស អាយុ ៣៧ឆ្នាំមុខរបរជាអ្នកម៉ៅការសំណង់ជាមួយគ្នា ស្នាក់នៅផ្ទះជួលបណ្តោះអាសន្ននៅ ភូមិ០១ សង្កាត់លេខ០៣ ក្រុង-ខេត្តព្រះសីហនុ រងរបួសពកក្បាលនិងមានស្នាមជាំខ្មៅ នៅចំណុចស្មារខាងស្តាំដោយសារជនបង្ករខាងលើវាយដោយហឹង្សា។
លោកវរ:សេនីយ៍ ឯក ស៊ុត សំអុន ប្រធានការិយាល័យនគរបាលកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើ និងទទះលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានចុះទៅដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនជនសង្ស័យនៅ វេលាម៉ោង ១៧ និង ០០នាទី ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៨ ។
នៅពេលឃាត់ខ្លួនសមត្ថកិច្ចនគរបាលបានដកហូតវត្ថុតាងដូចខាងក្រោមនេះ÷
ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក SAMSUNG ពណ៌ខ្មៅ-ទឹកប្រាក់ POWER BANK ០១គ្រឿង ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានករណីនេះកើតឡើងគឺដោយសារតែ ជនរងគ្រោះជំពាក់លុយជនសង្ស័យចំនួន ៥០០ដុល្លារ (ប្រាំរយដុល្លារ) ពេលជនសង្ស័យទារលុយ ជនរងគ្រោះមិនព្រមសង ក៏បង្កើតជាហិង្សាតែម្តងទៅ ។ ករណីនេះ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីដើម្បីបញ្ជូនខ្លួនជនសង្ស័យក្នុងករណីហិង្សាទៅសាលាតំបូងខេត្តព្រះសីហនុដើម្បីធ្វើការផ្តន្ទាទោសទៅតាមនិតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ