ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់បន្ទប់ជួលកម្មការិនីរោងចក្របានសម្រេច៣បន្ទប់លួចបានហើយទៅបន្តទៅគាស់បន្ទប់ជួលទី៤ស្រាប់ម្ចាស់ផ្ទះមកទាន់ចាប់វាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅបន្ទប់ជួលព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ អូន តារា ភេទប្រុសអាយុ២៩ ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រកដ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ។
តាមសាក្សីបានឲដឹងថា មុនពេលកើតហេតុរូបគាត់បានមកអង្គុយលេងនៅតូបកាហ្វេរ ខណៈកំពុងអង្គុយលេងគាត់ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើលក្នុងបរិវេណផ្ទះជួល ស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាពគាស់បន្ទប់កម្មការិនីរោងចក្រ ភ្លាមនោះរូបគាត់បានស្រែកថា ចោរៗទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរព័ទ្ធចាប់វាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច។
នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចគាស់បន្ទប់ជួលប្រជាពលរដ្ឋពិតប្រកដមែនដោយគាស់បានសម្រេចចំនួន៣បន្ទប់រួចមកហើយយកបានសម្ភារមួយចំនួនដូចជាធុងបាស់ក្បាលមេក្រូ ហើយបានបន្តទៅគាស់បន្ទប់ជួលក្បែរនោះទៀត ខណៈកំពុងធ្វើសកម្មភាពគាស់ស្រាប់តែម្ចាស់គេមកទាន់ និងចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ក្រោយពេលកើតហេតុ ជនសង្ស័យបានសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទ័ណ្ឌដើម្បីចាត់កាបន្ត ៕ សុខាសែនជ័យ