ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យក្នុងមូលដ្ឋាន ជាកត្តាសំខាន់ និងស្មុគស្មាញ ដែលលោក សុខ ពេញវុធ យកចិត្តទុដាក់ខ្លាំងបំផុត ដើម្បីសោភ័ណភាពក្នុងមូលដ្ឋាន ក៏ដូចជាក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំ និងបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរង និង លោក គឹម វុត្ថា ប្រធានប្រជាពារការខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង អនាម័យ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រួមមាន៖ មហាវិថីព្រះមុនីវង្ស, មហាវិថីព្រះនរោត្តម, តីរៈវិថីព្រះស៊ីសុវត្ថិ, ផ្លូវលេខ៤៧-៩៣-១០៦-១០៨ ផ្លូវភ្លោះព្រះអង្គឌួង និងទីតាំងមួយចំនួនទៀតក្នុងមូលដ្ឋានខណ្ឌ ដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង អនាម័យ បរិស្ថានស្អាតល្អក្នុងមូលដ្ឋានខណ្ឌ ។

ចំពោះការងារអនាម័យបរិស្ថាន លោកអភិបាល បានបញ្ជាឲ្យគ្រប់គោលដៅប្រជាការពារធ្វើការសំអាតសំរាម ដោយបានយកម៉ាស៊ីនបាញ់លាងចល័ត ធ្វើការសំអាតតាមដេប៉ូសំរាម ក្រោយក្រុមហ៊ុនស៊ីនទ្រី ប្រមូលសំរាមរួច ហើយធ្វើការប្រមូលសំរាមក្រោយពីក្រុមហ៊ុនស៊ីនទ្រីប្រមូលមិនអស់ ជាពិសេសបានធ្វើការបូមបាញ់លាងសំអាតតាមសួនច្បារ-ច្រាំងទន្លេ ចាប់ពីខាងមុខផ្សាររាត្រីរហូតដល់កំពង់ចម្លងអរិយក្សត្រផងដែរ ។

រដ្ឋបាលខណ្ឌដូនពេញ នៅតែបន្តអនុវត្តតាមការណែនាំ និងបទបញ្ជា របស់ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយ អប់រំ ណែនាំគ្រប់ទីតាំងអាជីវកម្មដ្ឋាន ចំណតរថយន្ត អ្នកលក់ដូរ ម៉ូតូឌុប ម៉ូតូកង់បី និងប្រជាពលរដ្ឋទាំងអស់ដែលបានប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈធ្វើអាជីកម្ម ឲ្យចូលរួមសហការ និងថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យក្នុងមូលដ្ឋាន ឲ្យកាន់តែប្រសើរថែមទៀត ៕ ស តារា


ចែករំលែក៖