ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធពពោះ៨ខែហើយនៅបង្ខំរួមភេទទៀត ទ្រាំលែងបានប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ ព្រមទាំងកូនតូចៗ បានសម្រេចចិត្តរត់​មកប្ដឹង​សមត្ថកិច្ច ខណៈដែល​ពពោះ​៨​ខែ​ទៅហើយ ត្រូវបាន​ប្តី​វាយ​ធ្វើ​ទារុណកម្ម​រាងកាយ ចាប់បង្ខំ​រួមភេទ បើ​មិន​ឲ្យ​ គឺវាយ​ និងច្របាច់ក ថែមទាំងសំពង​នឹង​ស្បែកជើង​ក៏មាន ។

ហេតុការណ៍នេះភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុង​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

ស្ត្រី​ដែលជាជនរងគ្រោះ​ខាងលើ ឈ្មោះ មឿ​ន សុ​ភ័​ណ្ឌ អាយុ​៣៣​ឆ្នាំ មុខរបរ ដើរ​បេះ​បន្លែ​លក់ មាន​ស្រុកកំណើត ភូមិ​២ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ ចំណែកលោកប្ដី​​នោះមាន ឈ្មោះ កង សំអាត អាយុ​៣៥​ឆ្នាំ មុខរបរ កម្មករសំណង់​។​

​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា ពួកគាត់​បាន​រៀបការ​ជាមួយគ្នា មាន​ទទួលស្គាល់​ពី​ចាស់ទុំ​សងខាង​ត្រឹមត្រូវ អស់​រយៈពេល​ជិត​១០​ឆ្នាំ​មកហើយ រហូតមកដល់​ពេលនេះ មានកូន​២​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ និង​កំពុងមាន​ផ្ទៃពោះ​៨​ខែ​ជិត​នឹង​កើត​ទៅហើយ​។ ប្តី​របស់គាត់​ផឹកស៊ី ជក់​គ្រឿងញៀន​ជាប្រចាំ ញឹកញាប់​ពេក​ទៅហើយ ​ដែល​ប្តី​តែងតែ​ប្រើ​អំពើហិង្សា ទាំង​រាងកាយ ទាំង​ផ្លូវចិត្ត ក្រោយពី​ប្តី​វិល​មកពី​ជក់​ថ្នាំ ផឹកស៊ី​វិញ ដោយ​បង្ខំ​រួមភេទ​ទៅតាម​ចំណង់​របស់លោក​ប្ដី ទោះជា​ដឹងថា ​ខ្លួន​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅហើយក៏ដោយ​។​

តាម​សមត្ថកិច្ច​បានចុះទៅ​ត្រួតពិនិត្យ ក្នុងផ្ទះ​នោះគឺបានរកឃើញ​សម្ភារៈ​ដែលសម្រាប់​ជក់​គ្រឿងញៀនទៀតផង ដែល​ជន​ខាងលើ​លាក់ទុក​នៅក្នុង​ផ្ទះ​។

ស្ដ្រី​ដែលជា​ប្រពន្ធ​បាន​បញ្ជាក់ដែរថា ស្រី​ណា​ទ្រាំ​បាន​បើ​ប្តី​ប្រើ​អំពើហិង្សា ចាប់បង្ខំ​ដើម្បី​រួមភេទ ទោះជា​ខ្លួន​មាន​សុខភាព​មិនល្អ និង​កំពុងមាន​ផ្ទៃពោះ​ជិត​នឹង​កើត​ទៅហើយ​យ៉ាងនេះ ទើប​ទ្រាំលែងបាន ទើបសម្រេចចិត្តរត់ទៅប្តឹង ប្តឹង​សមត្ថ​កិច្ចឲ្យចាត់ការ​ទៅតាម​ផ្លូវច្បាប់​តែម្តង ៕ សុខាសែនជ័យ


ចែករំលែក៖