ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ត្រូវជនមិនស្គាល់មុខទំលាក់យោងយកកងដៃក្រវិល និងទូរស័ព្ទដៃហើយគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ បទល្មើសទំយោងរបស់ជនខិលខូច នៅតែបន្តកើតមានឡើងទៅលើជនស្លូតត្រង់ ដែលបន្លំយករបស់ក្លែងក្លាយ មកប្តូរយករបស់ពិតពីជនរងគ្រោះ ហើយពួកគេគេចខ្លួនដោយសុវត្ថិភាព ។

ករណីនេះមិនមែនជារឿងថ្មីទេ ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែប្រុងប្រយ័ត្ន និងមិនត្រូវលោភលន់ឃើញរបស់គេក្លែងក្លាយចង់បាន បែរជាដោះរបស់ពិតរបស់ខ្លួនឲ្យទៅគេ ។

ជាក់ស្តែងកាលពី ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១១ និង៣០នាទីព្រឹក នៅចំណុចផ្លូវភ្នំពេញ ហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មាននារីម្នាក់ បានចាញ់បោកក្រុមជនខិលខូច ក្នុងអំពើទំលាក់យោងខាងលើនេះ ដោយនាងបានដោះកងដៃប្លាកទីន១វង់មានតំលៃ៧៣ដុល្លារ ក្រវិលមាស១គួ មានទំងន់៥ហ៊ុន និងទូរស័ព្ទដៃ១គ្រឿង ហើយក្រុមនោះបាននាំគ្នាគេចខ្លួនដោយសុវត្ថិភាព ចំណែកជនរងគ្រោះបាន បានត្រឹមតែកាន់ខែ្សកក្លែងក្លាយ១ខ្សែ យកមកប្តឹងសមត្ថកិច្ចទាំងទឹកភ្នែក និងឲ្យជួយអន្តរាគមន៍តែប៉ុណ្ណោះ ។

នារីរងគ្រោះមានឈ្មោះ ម៉េត សំអូន អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិម្រាលត្នោត ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ប្រភពពីនារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបនាងបានចេញពីធ្វើការ រោងចក្រក្នុងបំណងទៅបន្ទប់ជួល ពេលកំពុងដើរតាមផ្លូវ ស្រាប់តែលេចមុខមនុស្ស២នាក់ ដើរមករកនាង ហើយបានធ្វើជារើសបានកាបូបលុយ ហើយបានហៅនាងមកជួយមើល ឃើញមានខ្សែក១ខ្សែ ដោយពួកគេប្រាប់នាងថា កុំឮមាត់ពួកយើងចែកគ្នា។

នាងបន្តទៀតថា ពេលនោះពួកជនសង្ស័យក៏ឲ្យនាងដោះ កងដៃ ក្រវិល និងទូរស័ព្ទដៃទៅពួកគេ ដោយប្រាប់នាងថា ចាំយកខ្សែក(ក្លែងក្លាយ)នោះទៅលក់ ចែកគ្នាដោយឲ្យនារីរងគ្រោះចាំនៅចំណុចកើតហេតុសិន ហើយពួកគេបាននាំគ្នាជិះម៉ូតូឌុបគេចខ្លួនបាត់តែម្តង។

ក្រោយមកទើបនាងយកខ្សែករបស់ក្រុមជនសង្ស័យមកមើល ទើបដឹងថា ជាខ្សែកក្លែងក្លាយ ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លាឲ្យជួយអន្តរាគមន៍ ៕ តុង សីហា


ចែករំលែក៖