ភ្នំពេញ ៖ បុរសជាជនជាតិបរទេសម្នាក់ ស្រវឹងស្រាបើករថយន្តទៅបុកឃឿនរង្វង់មូលសម្ដេចសង្ឃរាជ ជួន ណាត និងផ្លោងទៅបុកក្បាលនាគលើរង្វង់មូលបណ្ដាលឲ្យរងការខូចខាត ដោយបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ កាលពីវេលាម៉ោង២ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូល សម្ដេចព្រះសង្ឃរាជ ជួន ណាត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមសម្ដីប្រជាពលរដ្ឋដែលនៅក្បែកន្លែងកើតហេតុ និងឃើញហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើ ម៉ាក ហ្វធូន័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2J-6343 ដែលបើកបរដោយបុរសម្នាក់ជាជនជាតិបរទេស ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ ទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន និងមិនបានប្រយ័ត្ន ស្របពេលមានម៉ូតូមួយគ្រឿងមិនចាំម៉ាក បានធ្វើដំណើរនៅក្បែររង្វង់មូលផងនោះ ក៏ធ្វើឲ្យរថយន្តបង្កគេច រេចង្កូតទៅបុកឃឿនរង្វង់មូល ជួន ណាត និងផ្លោងទៅបុកក្បាលនាគលើរង្វង់មូល បណ្ដាលឲ្យរងការខូចខាតទាំងរថយន្តបង្ក និងក្បាលនាគលើរង្វង់មូលយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សរងរបួសនោះឡើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទំទាក់ទងទៅជំនាញចរាចរណ៍ក្រុង មកវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ