ភ្នំពេញ៖ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យបានស្នើដល់អាជ្ញាធរសង្កាត់ និងនាយនគរបាលប៉ុសិ៍្តរដ្ឋបាលទាំងត្រូវតែយកចិត្តទុកដាក់បំផុតទៅលើទីតាំងបើកអ៊ិនធើណេត២៤ម៉ោង ដែលអាចចាត់ទុកថាអ្នកដែលនិយមទៅកន្លែងទាំងនេះភាគច្រើនគេទៅលេងល្បែងភ្នាល់តាមប្រព័ន្ធអ៊ិនធើណេត(Internet) ។
លោក ឡុង ង៉ែត បានលើកឡើងថា ព្រោះបច្ចុប្បន្ននេះជាសម័យទំនើបប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ហើយម្នាក់ៗគេប្រើប្រាស់ស្មាតហ្វូតជាទូរស័ព្ទដៃ គេបញ្ចូលលុយតែ៥ដុល្លាក្នុង១ខែគេអាចលេងហ្គេម លេងអ៊ីនធើណេត អាចតេចេញទៅក្រៅប្រទេស លេងហ្វេសបុកបានគ្រប់យ៉ាង ។ ហេតុដូច្នេះប្រជាពលរដ្ឋគេលេងទៅកាន់កន្លែងអ៊ិនធើណេត២៤ម៉ោងនោះទៀតហើយ កាលពីមុនគេអាចទៅកាន់កន្លែងនោះមែន ព្រោះគេត្រូវការតេទៅក្រៅប្រទេសតាមប្រព័ន្ធអ៊ិធើណេតនេះ តែឡូវនេះគេអាចតេតាមទូរស័ព្ទដៃគេបាន ។ ចឹងអ្នកទៅកន្លែងនោះរហូតដល់ម៉ោងកណ្តាលអាធ្រាត្រ គឺភាគច្រើនអ្នកទៅលេងល្បែងភ្នាល់តាមអ៊ិនធើណេត អនឡាញ ព្រោះថាម៉ោងនេះជាម៉ោងLiveផ្ទាល់ទាត់ ។
ការលើកឡើងបែបនេះ នៅក្នុងឱកាសកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យប្រចាំខែ កាលពីរសៀលថ្ងៃសុក ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខណ្ឌដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងអភិបាលរង លោក តេង ស៊ីណូ អធិការនគរបាលនគរបាលខណ្ឌមានជ័យ ព្រមទាំងអស់លោក-លោកស្រីចៅសង្កាត់ទាំង៧ នាយនគរបាលប៉ុសិ៍្តរដ្ឋបាល ប្រធានផ្សារទាំងអស់ និងមន្ត្រីក្រោមឱវាទសាលាខណ្ឌ ។
ដោយឡែកពាក់ព័ន្ធ និងល្បែងស៊ីសងកន្ទុយលេខ លោក តេង ស៊ីណូ អធិការនគរបាលខណ្ឌក៏លើកឡើងនូវបញ្ហាប្រឈមជាច្រើន ដែលពិបាកក្នុងការដឹកនាំចុះបង្ក្រាបថា ទីតាំងកន្ទុយលេខខ្លះជ្រកក្រោមស្លាកឆ្នោតខ្មែរស្របច្បាប់ ហើយនៅពេលដែលកម្លាំងចុះដល់ភ្លាម គឺគេលាក់យ៉ាងលឿនបំផុតក្រដាស់ឆ្នោតខុសច្បាប់ ហើយថែមទាំងជេរប្រមាថមកលើកម្លាំងសមត្ថកិច្ចផងដែរ ។ លោក តេង ស៊ីណូ ថាកន្លងទៅសមត្ថកិច្ចបានបង្ក្រាបនៅផ្សារប៉េសេឃាត់មនុស្សបាន៩នាក់ បញ្ជូនទៅកាន់តុលាការ ។ ការចុះបង្ក្រាបទីតាំងជល់មាន់ថ្នាក់លើតែងតែបានបន្ទោសថា បង្ក្រាបបានតែមាន់មិនដែលចាប់បានមនុស្សសោះ ។ ចំណុចនេះលោក តេង ស៊ីណូ បានឆ្លើយតបទៅថ្នាក់លើវិញថា ពិតជាពិបាកដេញចាប់មនុស្សទាំងនោះណាស់ ពួកគេរត់ផ្លោះរបងលឿនធ្វើឲ្យប្រឈមគ្រោះថ្នាក់ ។
ជាមួយគ្នានេះផងដែរ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យក៏បានធ្វើការកោតសសើរដល់មន្ត្រីជំនាញក្រោមឱវាទសាលាខណ្ឌ និងអភិបាលរងខណ្ឌ លោកចៅសង្កាត់ទាំងអស់ដែលបានអនុវត្តការងារបានល្អប្រសើរនូវការងារសណ្តាប់ធ្នាប់សាធារណៈ ការងារបង្ក្រាបល្បែងស៊ីសង និងចេះសាមគ្គីភាពគ្នាផ្ទៃក្នុងទទួលបានផលវិជ្ជមានគួរជាទីមោទនៈ ។ ទោះបីជាយ៉ាងនេះក្តី លោកអភិបាលខណ្ឌមានជ័យក៏បានជម្រុញអនុវត្តបន្ថែមទៅលើច្បាប់ចរាចរណ៍ផ្លូវគោក ចុះត្រួតពិនិត្យលើយានយន្តកាត់តទ្រុងចរាចរណ៍លើដងផ្លូវ និងជាពិសេសជម្រុញឲ្យអភិបាលរងខណ្ឌទទួលការងារសណ្តាប់ធ្នាប់ដឹកនាំចុះកាត់តសំយ៉ាបផ្ទះ ណែនាំដល់ពលរដ្ឋឲ្យយល់អំពីច្បាប់ ការដាក់តាំងលក់ដូររំលោភលើចំណីផ្លូវថ្នល់ និងណែនាំដល់ម្ចាស់ផ្ទះឲ្យបញ្ឈប់ជួលកន្លែងលក់ដូរមុខផ្ទះរបស់ខ្លួនលយចេញមកលើផ្លូវសាធារណៈ ជាពិសេសជម្រុញឲ្យចៅសង្កាត់ទាំងអស់ចុះត្រួតពិនិត្យទៅលើទីតាំងទទួលបញ្ចាំ២៤ម៉ោងជាដើម៕ តាឡឹម