ភ្នំពេញ៖ អាជីវករ ពាណិជ្ជករ ប្រជាពលរដ្ឋ សិស្សនិស្សិតខ្មែរឥស្លាមទាំងអស់ត្រូវតែមានចំណេះដឹងគ្រប់គ្រាន់ ពីការធ្វើអាជីវកម្មលើវិស័យហាឡាល់ ការដែលមិនយល់ច្បាស់ពីក្បួនច្បាប់ នៃការធ្វើអាជីវកម្មហាឡាល់ ធ្វើឲ្យខាតបង់ឥតប្រយោជន៍ ។
លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការត្រួត ពិនិត្យផលិតផលហាឡាល់កម្ពុជា បានបញ្ជាក់បែបនេះ ខណៈ លោកចូលរួម ជាអធិបតីក្នុងពិធីផ្ដល់វិញ្ញាបនប័ត្រ និងបិទវគ្គបណ្តុះបណ្តាលចំណេះដឹង ស្ដីពីស្តង់ដារ ហាឡាល់ ឧបត្ថម្ភ បង្រៀនដោយគ្រូជំនាញឯកទេស នាយកដ្ឋានហាឡាល់ នៃគណៈកម្មាធិការកណ្តាលឥស្លាមថៃ (CICOT) ជាស្ថាប័នហាឡាល់ដ៏ធំជាងគេ ១ ចំណោម ២(ម៉ាឡេសុី-ថៃ) ដែលមានសិក្ខាកាមចូលរួម៦០ នាក់។ កាលពីរសៀលថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នៅមជ្ឍ មណ្ឌលម៉ូឌែន៥ឬស្សីកែវ ។
លោក អូស្មាន ហាស្សាន់ បានលើកឡើងថា៖ ឧស្សាហកម្មហាឡាល់កម្ពុជា បាននឹងកំពុងចូលរួមចំណែកលើកស្ទួយវិស័យសេដ្ឋកិច្ច និងកំណើនវិស័យទេសចរណ៍កម្ពុជា ក្រោយពីអនុក្រឹត្យហាឡាល់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានដាក់ដំណើរការ និង ផ្សព្វផ្សាយ នៅថ្ងៃទី ២៩ កក្កដា ២០១៦ បាននឹងកំពុងមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ អ្នកវិនិយោគជាតិ និង អន្តរជាតិ ព្រោះកម្ពុជាមាន ប្រភព និង វត្ថុធាតុដើមច្រើន ដែលមកដល់ពេលពេលនេះ មានក្រុមហ៊ុន ,សហគ្រាស ,ភោជនីយ៍ដ្ឋាន ,សត្តឃាត្តដ្ឋានកម្ពុជា ,សម្រាប់ផលិតផល វត្ថុ ឬ សេវាកម្ម ដែលទាក់ទងទៅនឹងផលិតផលម្ហូបអាហារ, ផលិតផលសាច់ គ្រឿងសម្អាង ,ផលិតផលថែរក្សាខ្លួន ,ឱសថ អាហារបំប៉ន គ្រឿងផ្សំម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាច្រើនទៀត ដែលស្របតាមការអនុញ្ញាតតាមច្បាប់ឥស្លាម។
លោកបន្ដថា៖ ថ្ងៃនេះយើងមានសិក្ខាកាម បានទទួលវិញ្ញាបនប័ត្រ បញ្ជាក់ពីចំណេះដឹង ពិតប្រាកដ គ្រូអ្នកឯកទេសជំនាញហាឡាល់ មកពីប្រទេសថៃផ្ទាល់។ មូលហេតុដែល យើង ចាំបាច់ត្រូវបញ្ជូនអាជីវករ សិស្ស និស្សិតជាច្រើន បែបនេះ ឲ្យទទួលនូវចំណេះដឹងពីវិស័យហាឡាល់នៅ កម្ពុជា គឺយើងជៀសវាងកុំឲ្យមានអាជីវករ ឬបងប្អូនណា ដែលចង់បើកអាជីវកម្ម លើវិស័យហាឡាល់នេះ ទទួលនូវការខាតបង់ ទៅថ្ងៃក្រោយព្រោះខ្លួនមិនបានរៀនសូត្រ ច្បាប់ក្បួនខ្នាតជាមុន។
លោកបន្ដថា៖ សហគមន៍ខ្មែរឥស្លាម កំពុងបន្តស្នើសុំ ទៅស្ថាប័នអន្ដរជាតិ ដើម្បីបើកវគ្គបណ្ដុះបណ្ដាល ចំណេះ ដឹងជាបន្តបន្ទាប់ ដើម្បីប្រកួតប្រជែងលើទីផ្សារហាឡាល់ក្នុងស្រុកនិង ពិភពលោក ព្រោះបច្ចុប្បន្ន វិស័យហាឡាល់ មានកំណើនរហូតដល់ ៣.៣ លានលាន ដុល្លារ (៣.៣ Trillion USD) គិតឆ្នាំ ២០១៧ ក្នុងនោះផ្នែកម្ហូប អាហារ ហាឡាល់ រហូតដល់ ១ លានលាន ដុល្លារ (1.0 Trillion USD) ជាពិសេសវិស័យទេសចរណ៍កម្ពុជាមានការកើន ឡើងដល់ ៦.២ លាននាក់សម្រាប់ ២០១៨ នឹងអាចកើន ៧ លាននាក់ នាឆ្នាំ ២០១៩ ព្រោះហាឡាល់ នឹងជំរុញលើក ស្ទួយគាំទ្រនូវផលិតផល វត្ថុ ឬ សេវាកម្មទាំងអស់ កាន់តែរីក ចម្រើនច្រើនសម្រាប់ការប្រើប្រាស់ មនុស្សជាតិ ទូទៅ ជាពិសេសសហគមន៍ឥស្លាម ដែលមានជាង ១.៨ពាន់លាន នាក់រស់នៅក្នុងពិភពលោក ៕ សំរិត