ខេត្តកណ្តាល៖ ពលរដ្ឋដ៏ច្រើនបានមកចោមរោមមើល និងជួយរាវរកសាកសព បុរសម្នាក់ ដែលគេស្គាល់ថា ជាគ្រូបង្រៀនថ្នាក់ទី៩ នៅអនុវិទ្យាលយ័ វិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
បើតាមប្រភពពីម្តាយមីងបង្កើតរបស់បុរសរូបនោះ ឈ្មោះ លន់ជី បាននិយាយប្រាប់អ្នកយកព័ត៌មានគរវត្តថា ក្មួយរបស់គាត់ឈ្មោះ ម៉ោង ប៊ុនធឿន អាយុ៣៣ឆាំ និងប្រពន្ធឈ្មោះ កុយ ស្រីភា អាយុ២៨ឆ្នាំ ស្នាក់នៅភូមិ វិហារសួគ៌ខាងត្បូង ឃំុវិហារសួគ៌ ស្រុកខ្សាច់កណ្តាល មានកូន២នាក់ រស់ក្នុងបន្ទុក ។
ម្តាយមីងបុរសរូបនោះបានបន្តទៀតថា ក្រោយពីគាត់មានជំងឺអស់រយះពេលពីបីខែ ស្រាប់តែមានសតិមិនល្អ ចេះតែចង់រត់ទៅសម្លាប់ខ្លួន លុះមកដល់ល្ងាច ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ បុរសរូបនោះ បានខ្ចីម៉ូតូប្អូនជិះចេញពីផ្ទះបាត់រហូតមក លុះមកដល់ព្រឹក ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ទើបដឹងដំណឹងថា បានជិះម៉ូតូមកលោតទឹកធ្វើអត្តឃាតនៅលើស្ពានព្រែកតាមាក់ ដោយបន្សល់ទុកម៉ូតូមួយគ្រឿង និងស្បែកជើងមួយគូនៅទីនោះ តែបាត់មនុស្ស។
បងប្អូនអ្នកស្រុក ដែលមកជួយរក ក៏សន្និដ្ឋានថា បុរសរូបនោះលោតទឹកសម្លាប់ខ្លួនបាត់ទៅហើយ ទើបនាំគ្នាជួលទូក និងអ៊ួន ខ្មែរ ឥស្លាមនៅក្បែរនោះឲ្យជួយរាវរក តែមកដល់វេលាថ្ងៃត្រង់ថ្ងៃដដែល មិនទាន់រកឃើញសាកសពនោះទេ តែបងប្អូន និងក្រុមគ្រួសារ មិនទាន់បោះបង់ការរាវរកនោះទេ ៕ ឡូ សំអាត