ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសឲ្យដឹងថា ប៉ូលិសម្នាក់បាន សម្រេច ជំនួស ចំណាប់ខ្មាំង នៅក្នុងការបាញ់ប្រហារនៅក្នុងផ្សារទំនើប បណ្តាលឲ្យរងរបួសធ្ងន់ ។ សារព័ត៌មាន ប៊ីប៊ីស៊ី នៅថ្ងៃទី២៤ ខែមីនា បានប្រកាសថា មន្ត្រីប៉ូលិសដែលជំនួសនោះ ឈ្មោះ Arnaud Beltrame អាយុ៤៥ឆ្នាំ។
ការបាញ់ប្រហារនៅផ្សារទំនើប Super U ស្ថិតនៅស្រុក Trebes ភាគខាងត្បូង ប្រទេសបារាំង ។ ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ឈ្មោះ Redouane Lakdim អាយុ២៥ឆ្នាំ ត្រូវបានប៉ូលិសបាញ់សម្លាប់ ក្រោយបើកការវាយប្រហារ៣លើកផ្សេងៗគ្នា។
ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានឲ្យដឹងថា មានពលរដ្ឋ ១៥នាក់រងរបួស ក្នុងនោះ មាន២នាក់រងរបួសធ្ងន់ ។ ប្រធានាធិបតីបានបញ្ជាក់ទៀតថា នេះជាសកម្មភព វាយប្រហារភេរវកម្ម ធ្វើឡើងដោយក្រុមភេរវកម្មអិស្លាមជ្រុលនិយម ។
សារព័ត៌មាន BBC បានផ្សាយថា ការបាញ់ប្រហារចាប់ផ្តើមឡើង នៅព្រឹកថ្ងៃទី២៣ ខែមីនា នៅទីក្រុង Carcassonne ។ នៅទីនោះ ជនដៃដល់បានប្លន់រថយន្តដោយបាញ់អ្នកបើកបរឲ្យរងរបួសធ្ងន់ និងសម្លាប់អ្នកដំណើរម្នាក់ ។ ក្រោយមក ជនដៃដល់អាយុ២៥ឆ្នាំ បន្តបាញ់ប៉ូលិស យាមល្បាតម្នាក់ឲ្យរងរបួស ពេលកំពុងបើកបរទៅកាន់ផ្សារទំនើប Super -U ។ នៅទីនោះ ជនល្មើសបានបាញ់សម្លាប់ពលរដ្ឋម្នាក់ និងបុគ្គលិកផ្សារទំនើបម្នាក់ ហើយចាប់ស្តី្រម្នាក់ធ្វើជាចំណាប់ខ្មាំង ។ នៅពេលនោះ ប៉ូលិស ឈ្មោះ Beltrame បានស្ម័គ្រចិត្តធ្វើជាចំណាប់ខ្មាំង ជំនួស ស្ត្រីខាងលើ ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerard Collomb បានលើកសរសើរដល់ប៉ូលិសក្លាហាន ។ ចំណែកប្រធានាធិបតីបារាំង លោកម៉ាក្រុង បញ្ជាក់ថា ប៉ូលិស ដែលលះបង់នោះបានជួយសង្គ្រោះអាយុជីវិតជាច្រើន និងធ្វើឲ្យប្រទេសបារាំងមានមោទនភាព ។
ចាប់តាំងពីឆ្នាំ២០១៥ មក បារាំង តែងតែរងការវាយប្រហារជាច្រើនលើក សម្លាប់មនុស្សស្លូតត្រង់ជាច្រើន។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ មានការបាញ់ប្រហារនៅពហុកីឡដ្ឋានអន្តរជាតិ និង ហាងកាហ្វេ រួមទាំង មហោស្រប នៅទីក្រុងប៉ារីស សម្លាប់មនុស្ស១៣០នាក់ ។ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ មានការវាយប្រហារដោយបើករថយន្តបុក នៅឆ្នេរសមុទ្រទីក្រុង Nice សម្លាប់មនុស្ស ៨៦នាក់ ។ ការវាយប្រហារខាងលើបង្ករឡើងដោយក្រុមភេរវកម្ម IS ៕ ម៉ែវ សាធី