ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋស្រុកចន្ទ្រាទទួលការព្យាបាលជំងឺនិងសេវាសុខភាពបន្ថែមពី​ក្រុមវេជ្ជសាស្ត្រសម្តេចតេជោដោយឥត​គិតថ្លៃ

ចែករំលែក៖

ខេត្តស្វាយរៀង៖ កាលពីព្រឹកថ្ងៃ អាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០១៨ លោកស្រី ហ៊ុន ម៉ាណា ប្រធាន ក្រុមវេជ្ជសាស្ត្រសម្តេចតេជោបានដឹកនាំ ក្រុមគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋចំនួន ៦៥៧នាក់ ដោយ ឥតគិតថ្លៃនៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយ​រៀង។

លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជា ពលរដ្ឋ ដែលអញ្ជើញចូលរួម នាឱកាស នោះ ដែលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ។

មុនការពិនិត្យនិងព្យាបាលជំងឺក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹកមាន នំបុ័ង និងភេសជ្ជៈ ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសាប្រកបដោយភាពស្និទ្ធស្នាលបំផុត ។

ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ បាន ធ្វើឡើងក្នុងភូមិចន្ទ្រា ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀងដែលក្នុងពិធីនោះដែរក៏​មាន​​ការចូលរួមអមដំណើរពីលោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត​ស្វាយរៀង និងក្រុមការងារ ។

ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ហ៊ុន សែន បានពិនិត្យពិគ្រោះនិងព្យាបាលជំងឺ​ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនោះរួមមាន៖ វះកាត់តូច​ចំនួន២៩នាក់, ពិនិត្យ និងព្យាបាលមាត់-ធ្មេញចំនួន៥៨នាក់, ពិនិត្យរោគស្ត្រីចំនួន​៦៩នាក់, ពិនិត្យ និងព្យាបាលជំងឺទូទៅ​ចំនួន៤៥៧នាក់, សម្ភព និងអេកូសាស្ត្រ ចំនួន៤៤នាក់, អប់រំសុខភាពដល់ប្រជាពលរដ្ឋដែល​ទទួល​សេវាព្យាបាល, ចែក​ជូន​វ៉េនតា​សម្រាប់​លោកតា លោកយាយ ចំនួន៣០០នាក់,ផ្តល់សម្ភារសិក្សាសម្រាប់សិស្សានុសិស្សនិងចែកជូនរទេះរុញសម្រាប់ជនពិការចំនួន ១៥គ្រឿងផងដែរ ។

សូមជម្រាបថា នេះមិនមែនជាលើកទី១​នោះទេ ដែលក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានធ្វើសកម្មភាពមនុស្សធម៌បែបនេះ ព្រោះ​កន្លងមកក្រុមវេជ្ជសាស្ត្រសម្តេចតេជោតែងតែធ្វើសកម្មភាពចុះព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ជាច្រើនខេត្តតាមគោលដៅផ្សេងគ្នារួចមកហើយ​ ។

ប្រជាពលរដ្ឋដែលបានមកទទួលការ ពិនិត្យ និងព្យាលជំងឺ នាពេលនោះសុទ្ធតែបានបង្ហាញពីភាពសប្បាយរីករាយ ចំពោះសកម្មភាពក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដែលបានចុះមកពិនិត្យនិងព្យាបាលជំងឺ ជូនពួកគាត់ដោយឥតគិតថ្លៃ​។

កម្មវិធីក្រុមវេជ្ជសាស្ត្រសម្តេចតេជោគឺជាការចូលរួមកាត់បន្ថយលើការចំណាយ របស់ពួកគាត់បានច្រើនសម្រាប់ការថែទាំសុខភាពបន្ថែមប្រចាំថ្ងៃ។

ដូច្នេះតាមយៈសកម្មភាពក្រុមវេជ្ជ សាស្ត្រសម្តេចតេជោ គឺជាការចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្រើសេវាសុខាភិបាលតាមមូលដ្ឋាន បង្ខិតឱ្យនៅជិតប្រជាពលរដ្ឋ និងធ្វើឱ្យពួក គាត់មានភាពងាយស្រួលបន្ថែមទៀតផ្នែកសេវាថែទាំសុខភាពនេះ ៕ ហេង សូរិយា

 


ចែករំលែក៖